ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និង របស់សាធារណរដ្ឋឥណ្ឌូនេស៊ី។
ការសម្តែងនូវការអបអរសាទរនេះ ធ្វើឡើង ក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។
បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និង ឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន