នៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នា២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងលោក អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង លោក សាក់ សុវណ្ណ អគ្គនាយករង នៃអគ្គនាយដ្ឋានអប់រំ ព័ត៌មាន និង ទំនាក់ទំនងសាធារណៈ គណៈកម្មាធិការចាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ជូនដល់សមាជិកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត មន្រ្តីលេខាធិការដ្ឋាន តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនាក់ផងដែរ។
លោក សាក់ សុវណ្ណ បានមានប្រសាសន៍ថា លទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ បទបញ្ជា និងនីតិវិធីដែល គ.ជ.ប.ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការប្រតិបត្តិការងារបច្ចេកទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មិនមែន គ.ជ.ប.សម្រេចដោយអត្តនោម័តិ ដាក់ឱ្យប្រើដោយឯកតោភាគីនោះទេ ។
ពោលគឺមានការចូលរួម ផ្តល់មតិយោបល់ អនុសាសន៍ និងមានការជជែក ពិគ្រោះយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយបើកចំហ និងប្រកបដោយតម្លាភាព ជាពិសេសភាគីគណបក្សនយោបាយ តែម្តងដែលជាតួអង្គសំខាន់ក្នុងការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះ។
លោក អម សុភា បានមានប្រសាសន៍ថា ការងារសំខាន់ៗនៅក្នុងដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតរួមមាន៖ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ការប្រគល់ទទួលសម្ភារបោះឆ្នោតនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។
លោកបានបន្តថា ក្រៅពីនេះមានការដាក់ និងការទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ការបូកសរុបលទ្ធផលបឋម នៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និង ការបូកសរុបលទ្ធផល នៃការបោះឆ្នោតនៅក្នុងស្រុក ខេត្ត។
លោក អម សុភា បានណែនាំដល់មន្រ្តី គ.ជ.ប. ដែលជាសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស និងត្រូវឈ្វេងយល់បន្ថែមឱ្យបានច្បាស់ លាស់អំពីច្បាប់, បទបញ្ជា, នីតិវិធីសម្រាប់ការបោះឆ្នោត, និងបទប្បញ្ញត្តិ នៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប. បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗ ដូចជា៖ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ព្រមទាំងការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ, ផ្ទៀងផ្ទាត់, និងបូកសរុបលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
លោអភិបាលរងខេត្ត បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រី គ.ជ.ប. ស្ដីពី “ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត, និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មន្ត្រី គ.ជ.ប. ត្រូវយកចិត្តទុកដាក់ដើម្បីឱ្យមានចំណេះដឹង កាន់តែមានភាពជាក់លាក់ និងច្បាស់លាស់ ៕
ប្រភព៖ ក្រសួងព័ត៌មាន