សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ យើងពិតមានមោទនភាពណាស់ យើងបានខិតខំប្រឹងប្រែងរៀបចំចាត់ចែងទីលានប្រកួត គ្រប់ប្រភេទកីឡាទាំងអស់ប្រកបដោយភាពរលូន និងជោគជ័យ។
ថ្លែងទៅក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសសម្តេចពិជ័យសេនាអញ្ជើញទស្សនាលើកទឹកចិត្តដល់ការការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានកត់សម្គាល់ឃើញ បើទោះបីជាការប្រកួតកីឡាជនពិការនេះមានភាពស្មុគស្មាញខ្លះ ជាពិសេសលើឧបករណ៍ ទីលានប្រកួតសម្រាប់ប៉ារ៉ាហ្គេមក្តី ក៏យើងបានពុះពាររៀបចំ ដោយមកដល់ពេលនេះ គឺអាចចាត់ទុកថា ជាជោគជ័យធំធេងណាស់។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បញ្ជាក់ថា៖ «ខ្ញុំបានជួបប្រតិភូកីឡានៃបណ្តាប្រទេសមួយចំនួនសុទ្ធសឹងតែបានចាត់ទុកថា ទីលានប្រកួត រួមទាំងកិច្ចការពាក់ព័ន្ធជាមួយគ្នាហ្នឹង គឺបានល្អប្រសើរ ប្រហែលជាមិនមានប្រទេសណាបានរៀបចំចាត់ចែងបានល្អដូចយើងនោះទេ។ នេះជាភាពពិតប្រាកដ ដែលពួកគេបាននិយាយជាមួយខ្ញុំ»។
«ចំពោះមេដាយ គឺម្ចាស់ផ្ទះកម្ពុជាមិនទទួលបានច្រើនទេដែលនេះជាការរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង ម្យ៉ាងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីមានពិការភាពមានពេលវេលាតិចតួច។ បើទោះបីជាយ៉ាងនេះក្តី ក៏សុឆន្ទៈរបស់កម្ពុជាគឺឃើញច្បាស់ហើយ គឺពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ចបានពេញលេញ ក្នុងនាមជាម្ចាស់ផ្ទះ»។
សម្តេចប្រធាន CAMAPGOC បានគូសបញ្ជាក់។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់ ដែលអាចទទួលរៀបចំធ្វើម្ចាស់ផ្ទះអន្តរជាតិ នាពេលខាងមុខបានតាមសេចក្តីត្រូវការ។ ដូច្នេះហើយ ទើបក្រុមប្រឹក្សាសហព័ន្ធកីឡាអូឡាំពិកអាស៊ីបានប្រគល់សិទ្ធិដល់កម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។
សម្ដេចពិជ័យសេនាបានបន្ថែមថា ការប្រគល់សិទ្ធិនេះ គឺដោយសារអន្តរជាតិបានមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ដោយកោតសរសើរពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ដោយអាចធ្វើម្ចាស់ផ្ទះការប្រកួតកីឡាធំៗកម្រិតអន្តរជាតិបានទាំងអស់។
សម្ដេចពិជ័យសេនាបានអះអាងថា នៅក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជាបានដកពិសោធន៍បានច្រើនដែរទាំងយុទ្ធសាស្ត្រ យុទ្ធវិធីនានា ទាំងប្រភេទកីឡា វិញ្ញាសាប្រកួត ដែលបានធ្វើឱ្យយើងសិក្សារៀនសូត្របានច្រើន។
ចំពោះកីឡាករ កីឡាការិនី ក៏បានដកពិសោធន៍បានច្រើនផងដែរ ក្នុងនាមជាម្ចាស់ផ្ទះ ដែលជាគុណប្រយោជន៍មួយដ៏សំខាន់ដែរ។ ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានឱ្យដឹងទៀតថា ច្បាស់ណាស់យើងនឹងបំពេញបន្ថែម និងរិះរកវិធី ព្រមទាំងយុទ្ធសាស្ត្រណា ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ដើម្បីជាតិមាតុភូមិរបស់យើងជាពិសេសក៏ត្រូវលើកទឹកចិត្តដល់ជនពិការរបស់យើង ហើយយើងនឹងបណ្តុះបណ្តាលបន្ថែម ដោយការបណ្តុះបណ្តាលនេះ គឺជាបញ្ហាធំណាស់។
ជាក់ស្តែងដូចជាជនពិការដែលជិះលើរទេះ គឺមានការលំបាក ដោយមិនត្រឹមតែទាមទារនូវសុខភាពល្អប៉ុណ្ណោះទេ គឺទាមទារនូវពេលវេលា សម្រាប់ការហ្វឹកហាត់ឱ្យស្ទាត់ជំនាញផងដែរ។
«ចំពោះការដណ្តើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺយើងបានទទួលបានស្របតាមយុទ្ធសាស្ត្ររបស់យើង កម្លាំងពិតរបស់កីឡាករ កីឡាការិនីពិការយើងហើយ ដោយការពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កន្លងទៅ គឺកម្ពុជាឈ្នះមេដាយមាសបាន៧ ប៉ុន្តែពេលនេះ គឺកម្ពុជាដណ្តើមបានមេដាយមាស៩គ្រឿង។ ជារួម បើសមត្ថភាពយើងខ្សោយជាង គឺយើងត្រូវតែទទួលយកដោយសុច្ចចិត្ត»។ នេះការសង្កត់ធ្ងន់បន្ថែមចុងក្រោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕
ប្រភព៖ ក្រសួងព័ត៌មាន