នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្នុងរបាយការណ៍ឱ្យដឹងថា និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួនសរុប ៥,៦១០ នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ ភាគរយ)។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញា បត្រ៥,៤២៣នាក់(នារី ២,៨៨០នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨៧ នាក់ (នារី ៧២នាក់)។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្នុង ចំណោមនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។
ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគោលនយោបាយដ៏អាទិភាពនៅក្នុងការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខា កាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាស្ថាពរសរុប ៦៦, ៨០៦នាក់ (នារី ២៦, ៤៤៩នាក់ ត្រូវជា ៣៩.៥ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២២៦នាក់ (នារី ៩៦ នាក់ ត្រូវ ជា ៤២.៤ភាគរយ)។
និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯក ជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គ លិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ច សន្យាជាតិ-អន្តរជាតិសរុប ៧៤៦នាក់ (នារី ១៧៩នាក់ ត្រូវជា ២៤ភាគរយ) និងមាននិស្សិតកំពុងបណ្តុះ បណ្តាលសរុប ១៨,១១៣នាក់ (នារី ៩,៣៩៤នាក់ ត្រូវ ជា ៥១.៨ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៥៥នាក់ នារី ៣២ នាក់ ដែលរួមមាន៖ ជនជាតិបារាំង ណូវែលសេឡង់ តួគី កូរ៉េ ចិន ហុងកុង វៀតណាម ថៃ និងឡាវ ។ ដើម្បីធានាបានការបណ្តុះ បណ្តាលប្រកបដោយគុណភាព និងនិរន្តរ ភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពអប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាបានចំនួន៤៦ ដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធ ន៍និស្សិត និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ក្នុងគោលបំ ណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វត្តមានដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រ គឺជាការផ្តល់នូវថាមពលផ្លូវចិត្ត និងផ្តល់កិត្តិយសដ៏ធំធេងសម្រាប់និស្សិតបញ្ចប់ការសិក្សា បន្ទាប់ពីពួកគេ បានប្រឹង ប្រែងមិនសំចៃកម្លាំងជម្នះការលំបាកទាំង ឡាយក្នុងពេលសិក្សា។ ចាប់តាំងពីឆ្នាំ ១៩៩៣ដល់បច្ចុប្បន្ន សា កលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យា ល័យជាដៃគូនានាបានចំនួន ១,៧៩៩ នាក់។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៦៤នាក់ (នារី ៣៩នាក់) ទៅបន្តការសិក្សានៅបរទេស ក្នុងនោះថ្នាក់បណ្ឌិតចំនួន ១នាក់ ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង និងថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ៣៣ នាក់ (នារី ២០នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ចនៅប្រទេសបារាំង ស៊ុយអែត អូស្រ្តាលី អាឡឺម៉ង់ ជប៉ុន និងកូរ៉េ និងបានបញ្ជូននិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន ៣០ នាក់(នារី១៨នាក់)នៅប្រទេសបារាំងជប៉ុន ចិន និងឥណ្ឌូនេស៊ី។ ក្រៅពីនេះ និស្សិតចំនួន ២២រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិ ដោយផ្ទាល់ចំនួន ៦ ក្រុម ពាក់ព័ន្ធនឹងនីតិអន្តរជាតិ ដែលរៀប ចំឡើងដោយប្រទេសអាមេរិក អូទ្រីស ឥណ្ឌា ហុងកុង និងអាល់បានៀ។ នៅពាក់ កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ១២រូប ទៅចូលរួមការប្រកួតសវនការបប្រឌិតអន្តរជាតិចំនួន៤ប្រកួត នៅប្រទេសហូឡង់ អាឡឺម៉ង់ និងឥណ្ឌា។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាសាធារណៈមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ សាកលវិទ្យាល័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀតដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕
ប្រភព៖ ក្រសួងព័ត៌មាន