ក្រុមហ៊ុនហ្ការូដា ឥណ្ឌូណេស៊ី (Garuda Indonesia) ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើទង់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី គ្រោងនឹងចូលទៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (JV) ដើម្បីបង្កើនសមត្ថភាពអ្នកដំណើររវាងប្រទេសទាំងពីរ ខណៈដែលវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានការកើនឡើង។
អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋឥណ្ឌូណេស៊ី លោក កាទីកា វៀចូអាតម៉ូដចូ (Kartika Wirjoatmodjo) បាននិយាយកាលពីថ្ងៃទី២៩ ខែឧសភាថា ការស្នើឡើងនូវការបង្កើត JV នឹងអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងនោះអាចធ្វើសមកាលកម្មកាលវិភាគ ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងភាពងាយស្រួលរបស់អ្នកដំណើរ និងស្វែងរកគំនិតផ្តួចផ្តើមថ្មីៗ រួមទាំងផលិតផលថ្លៃសមរម្យ និងការតម្រឹមនៃកម្មវិធីសាជីវកម្មផងដែរ។
ផែនការនេះនឹងគ្របដណ្តប់ទៅលើផ្លូវហោះហើររវាងប្រទេសសិង្ហបុរី និងទីក្រុងឌែនប៉ាសារ ទីក្រុងហ្សាការតា និងទីក្រុងស៊ូរ៉ាបាយ៉ា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន