កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.)បានបង្ហាញអំពីការប៉ាន់ស្មានលទ្ធផលការងារអាជីវកម្ម សេវាកម្ម និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៤ ដោយសម្រេចទទួលបានចំណូលសរុបជាង ៤២លានដុល្លារអាមេរិក។ចំណែកសកម្មភាពអាជីវកម្មក៏បានកើនឡើងបើធៀបនឹងឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានអំពីការប៉ាន់ស្មានលទ្ធផលការងារអាជីវកម្ម សេវាកម្ម និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៤ បានបង្ហាញថា សម្រាប់ការប៉ាន់ស្មានលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២៤ ក.ស.ភ. ទទួលបានចំណូលសរុប ១៧៣ ៨១៧ ០០០ ពាន់រៀល ឬ ៤២ ៦៨៦ ០០០ ដុល្លារអាមេរិក។សម្រេចទទួលបានចំណូលសរុប ១៧៣ ៨១៧ ០០០ ពាន់រៀល ឬ ៤២ ៦៨៦ ០០០ ដុល្លារ។
ដោយឡែកលើការងារអាជីវកម្ម សេវាកម្មរបស់ក.ស.ភ. ក៏បានបង្ហាញឱ្យឃើញពីការកើនឡើងផងដែរ ។របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២៤បរិមាណទំនិញ-ប្រេងឥន្ធនៈមានចំនួន ៤ ៥១៤ ០០០ តោនកើនឡើង៨,៨៦ភាគរយធៀបនឹងឆ្នាំ២០២៣,បរិមាណកុងតឺន័រចំនួន ៤៦០ ០០០ ធីអ៊ីយូ កើនឡើង១៦,១០ភាគរយធៀបនឹងឆ្នាំ២០២៣ ,នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន ៥ ៨៥០ជើង ៥១,៥៩ភាគរយធៀបនឹងឆ្នាំ២០២៣។ប៉ុន្តែក្នុងឆ្នាំ២០២៤ នាវាទេសចរណ៍និងអ្នកដំណើរបានថយចុះបន្តិច ក្នុងនេះ នាវាទេសចរណ៍មានត្រឹមចំនួន ២៨០ជើង ខណៈឆ្នាំ២០២៣មានចំនួន៥៦៧ជើង ,ចំណែកអ្នកដំណើរមានចំនួន ២២ ២០០នាក់ ខណៈឆ្នាំ២០២៣មាន២៥ ១៥២នាក់ ។
សូមជម្រាបថា កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែទន្លេអន្តរជាតិមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម ៕





ប្រភព៖ ក្រសួងព័ត៌មាន