នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៨៨៨ នាក់ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង។ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការ ក្នុងកម្រិតមធ្យមសិក្សា និងមាន ឈ្មោះថា «សាលាវិចិត្រសិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។ អនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកជាប្រាំមហា វិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយជាគ្រូកំពុងបង្ហាត់បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។ ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៤ ខែឧសភានេះ មានចំនួន ៨៨៨នាក់ ( នារី ៣៨៦ នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជនពិការ (ថ្លង់) បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ និង២០២១-២០២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិ បត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសានិងអារ្យធម៌បូព៌ាប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាលនិស្សិត លើជំនាញទាំង ៥ មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩៤ នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦ នាក់ (ស្រី ៣នាក់)។ សូមបញ្ជាក់ថា ដោយពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ។ក្នុងនោះ ដីជាង៣ហិកតា បានសាងសង់សាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈថ្មី ក្រោមការ ឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២ លានដុល្លារ និង ដីជិត ១ហិកតាទៀត ត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោង ថវិកាប្រមាណ ៥.៣លានដុល្លារ ៕
ប្រភព៖ ក្រសួងព័ត៌មាន