ក្រសួងអប់រំ បានដាក់ចេញនូវកំណែទម្រង់ ៨ ចំណុច ដើម្បីឆ្លើយតបទៅនឹងបរិបទតំបន់ សកលលោក និងស្របតាមទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍវិស័យអប់រំឆ្លើយតបនឹងបរិបទតំបន់ សកលលោក និងស្របតាមទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ក្រសួងអប់រំ បានដាក់ចេញនូវកំណែទម្រង់ ៨ ចំណុច រួមមាន៖ (១) ការបង្កើនគុណភាពអប់រំ, (២) ការពង្រឹងការគ្រប់គ្រងបុគ្គលិកអប់រំ, (៣) ការពង្រឹងការប្រឡងគ្រប់ប្រភេទ, (៤) កំណែទម្រង់ឧត្តមសិក្សា, (៥) ការអភិវឌ្ឍយុវជននូវជំនាញ បច្ចេកទេស និងជំនាញទន់, (៦) កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (៧) កំណែទម្រង់ការអប់រំកាយ និងកីឡា, និង (៨) ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយអប់រំ។
ឯកឧត្តម បន្ដថា ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញ និងអនុវត្តនូវអាទិភាពកំណែទម្រង់ដំណាក់កាលទី ១ ដែលមាន ៨ ចំណុច នៅឆ្នាំ ២០១៤ កំណែទម្រង់ ១៥ ចំណុច ឈរលើសសរស្ដម្ភ ៥ នៅឆ្នាំ ២០១៥ និងកំណែទម្រង់ដំណាក់កាលទី ២ ដោយផ្តោតលើកំណែទម្រង់ ការគ្រប់គ្រងសាលារៀន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅឆ្នាំ ២០១៨ ដំណាក់កាលទី ៣ កំណែទម្រង់ ការកសាងប្រព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្សឈរលើសសរស្ដម្ភ៥ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និងដំណាក់កាលទី ៤ កំណែទម្រង់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ ២០២២។
ឯកឧត្តមអ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងបន្ថែមថា ទស្សនទានរួម ឆ្នាំ ២០២៣-២០២៨ សម្រាប់បន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា គឺការបន្តជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ ជាពិសេសស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច៕
ប្រភព៖ ក្រសួងព័ត៌មាន