សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ឆ្លងតាមលទ្ធផលជាផ្លែផ្កា និង ស្នាដៃដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យកម្ពុជាលេច ត្រដែតឡើងលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយ ភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណនៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និង ក្រៅប្រទេស ដែលបានបង្ហាញថា កម្ពុជាមានភាពអច្ឆរិយៈមានអារ្យធម៌ស៊ីវិល័យ ស័ក្តិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែងនៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ផ្នត់គំនិត ទេពកោសល្យ បេះដូងសន្តិភាព និងការឆ្នៃប្រឌិតដ៏អស្ចារ្យ នៅក្នុងដំណើរការប្រកួតនានាទទួលបានការចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។
នេះជាកត់សម្គាល់យ៉ាងពិសេសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ទោះបីមានការខ្វះខាតតិចតួចខ្លះ ក្នុងការចូលទស្សនាដោយផ្ទាល់ ដោយមូលហេតុទីលានប្រកួតទទួលផ្ទុកអ្នកចូលរួមទស្សនាមិនបានតាមសំណូមពរ ប៉ុន្តែជារួមគ្រប់ទិដ្ឋភាពដំណើរការប្រកួតទាំងអស់ទទួលបានការគាំទ្រកោតសសើរ សាមគ្គីភាព រីករាយ និងមោទនភាពខ្ពស់ក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ផ្ទះ ជាមួយការរៀបចំដ៏ល្អដែលមិនធ្លាប់មានពីមុនមក។ សម្តេចពិជ័យសេនាបានថ្លែងថា៖ «ក្នុងនាមប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងមហា គ្រួសារកីឡាជាតិ ខ្ញុំពិតជាមានមហាកិត្តិយសដ៏ធំធេងបំផុតដោយទទួលសេចក្តីទុកចិត្តពី សម្តេចតជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រជាតិរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយមោទកភាព និងជោគជ័យ»។
សម្តេចពិជ័យសេនាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ទៀតថា ផ្តើមចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់បំពេញភារកិច្ចតាម ផែនការមេរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងដោយមានការយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោនាយករដ្ឋមន្តី បានធ្វើឱ្យគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ដំណើរការបានរលូន និងទទួលលទ្ធផលគួរជាទីមោទនៈ។
សម្ដេចពិជ័យសេនាបានបន្ដថា ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្រេចបានជោគជ័យជាផ្លែផ្កា អាស្រ័យដោយគណៈកម្មាធិការជាតិCAMSOC បានប្រុងប្រៀបរៀបចំផែនការ និងអនុវត្តការងារជាក់ស្ដែង ដូចជា៖ សម្រាប់កិច្ចដំណើរការមុនថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យើងបានរៀបចំវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ដែលបម្រើឱ្យបដិសណ្ឋារកិច្ចទទួលប្រតិភូកីឡា និងអ្នកគាំទ្រជាតិ-អន្តរជាតិ ប្រកបដោយភាពកក់ក្តៅ។ មុនពិធីបើកឈានមកដល់នៃថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ យើងបានប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីធានាការចាប់ផ្តើមដំណើរការដោយរលូន និងមានប្រសិទ្ធភាពក្នុងគ្រប់សេវាបម្រើទាំងអស់។
ជាមួយគ្នានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ចបានសហការជាមួយក្រុមការងារទំនាក់ទំនងអន្តរជាតិ រៀបចំច្រក និងបែបបទចេញ-ចូលសម្រាប់ធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវអន្តរជាតិជាន់ខ្ពស់ តំណាងរដ្ឋ រដ្ឋាភិបាល ប្រតិ ភូកីឡាបរទេស នាយបេសកកម្មកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីអន្តរជាតិ ប្រកបដោយ ការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ រីឯនៅតាម ព្រំដែនគោកក៏មានបើកទទួល ភ្ញៀវ អន្តរជាតិធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋបណ្តាប្រទេសជិតខាង ដែលត្រូវចូលមកទស្សនា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះយ៉ាងរាក់ទាក់ និងកក់ក្ដៅ។
សម្តេចពិជ័យសេនាក៏បានជម្រាបជូនទៀតថា ចំពោះសកម្មភាពដឹកជញ្ជូនបានរៀបចំ ក្បួនធ្វើដំណើរជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រតិភូកីឡា កីឡាករ កីឡាការិនីរបស់ជាតិ និង បរទេសប្រកបដោយស្មារតីយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលពីផ្នែកសន្តិសុខ និងកម្លាំងអាជ្ញាធររាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងល្អប្រសើរ។ សម្រាប់ភូមិ កីឡាដែលជាសមិទ្ធផលដ៏អស្ចារ្យនាសម័យតេជោបានដាក់បម្រើឱ្យការស្នាក់នៅ និងហូបចុក របស់ប្រតិភូកីឡា កីឡាករ កីឡាការិនីជាតិ អន្តរជាតិយ៉ាងល្អប្រសើរ និងមានការពេញចិត្តពី អ្នកស្នាក់នៅ ហើយកីឡាករ កីឡាការិនី និងប្រតិភូដែលស្នាក់នៅតាមសណ្ឋាគារ នានា នៅ រាជធានី ខេត្ត ក្រៅភូមិកីឡា ក៏ទទួលបានការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ទៀតផង។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដទៀតថា ក្នុងដំណើរការប្រកួត គណៈកម្មាធិការជាតិCAMSOC បានយកចិត្តទុកដាក់លើទិដ្ឋភាពបច្ចេក- ទេសនៅគ្រប់ប្រភេទវិញ្ញាសាប្រកួត ការរៀបចំទីលាន និងសម្ភារបម្រើឱ្យការប្រកួត ក្រោមការសម្របសម្រួល និងអនុវត្តន៍ភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្តង់ដារ កីឡាពីសំណាក់គ្រូបង្វឹក អាជ្ញាកណ្តាលជាតិ អន្តរជាតិ និងទីប្រឹក្សាបច្ចេកទេស ទីលាន កម្រិតកីឡា អាស៊ាន។
«នៅទីលាននៃការប្រកួតប្រជែងតាមប្រភេទវិញ្ញាសាកីឡានីមួយៗ មានទស្សនិកជនជាតិ អន្តរជាតិ ពិសេសយុវជនចូលទស្សនាយ៉ាងកុះករ និងគាំទ្រលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅតាមកីឡដ្ឋាននានា ដែលជាទីពេញនិយមរបស់ខ្លួនច្រើនណែនតាន់តាប់ ហើយវិញ្ញាសាកីឡាដែលមានប្រជាប្រិយភាពមួយចំនួនមានអ្នកចូលរួមទស្សនាលើសចំនួនកំណត់។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅរដ្ឋបាលរាជធានី ខេត្ត បានរៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តនៅតាមទីប្រជុំជននានាជូនប្រជាពលរដ្ឋទស្សនាកំសាន្ត ហើយស្ថានីយ៍ ទូរទស្សន៍រដ្ឋ ឯកជនរបស់ជាតិ និងបរទេស រួមជាមួយបណ្តាញផ្សព្វផ្សាយសង្គមនានា ក៏បានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ដោយមិនមានការបង់ប្រាក់»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែម។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលទ្ធផលបច្ចេកទេសកម្ពុជាដណ្តើមបានមេដាយសរុបចំនួន២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។
ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្តេចពិជ័យសេនាបានគោរពជូនពរ និងថ្លែងអំណរគុណជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងចលនាអូឡាំពិកអន្តរជាតិ ដែលបានគាំទ្រ និងសម្របសម្រួលដល់កិច្ច ដំណើរការប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍កីឡា ក្នុងគោលការណ៍សហប្រតិបត្តិការ និងគោលគំនិតបាវចនាកីឡា អូឡាំពិកអន្តរជាតិ។ ទន្ទឹមនេះ សូមគោរពថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំបណ្តាប្រទេសជាមិត្តក្នុងសហគមន៍អាស៊ាន ដែលបានផ្ដល់មហាកិត្តិយសអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចប្រធានក៏បានថ្លែងអំណរគុណចំពោះប្រតិភូកីឡា កីឡាករ កីឡាការិនីបរទេស ដែលបានចូលរួមប្រកួត និងអាជ្ញាកណ្ដាលអន្តរជាតិ ដែលបានចូលរួមសម្របសម្រួលដោះស្រាយវិវាទបច្ចេកទេស បានដោយរលូន យុត្តិធម៌ និងដំណើរការប្រកួតមានភាពល្អប្រសើរ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសម្របសម្រួលការងារគ្រប់បែបយ៉ាង រួមគ្នាដោះស្រាយការងារពាក់ព័ន្ធជាមួយបណ្តាប្រទេសចូលរួមទាំងអស់ ដែលអាចទទួលយកបាន និងសហប្រតិបត្តិការល្អ និងជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន