ក្រសួងការពារជាតិរុស្សុី បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា មេបញ្ជាការយោធារបស់ខ្លួនពីរនាក់ត្រូវបានសម្លាប់នៅឯភាគខាងកើតអ៊ុយក្រែន ខណៈ ដែលកងកម្លាំងទីក្រុងកៀវ បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លុះខ្សែការពាររបស់រុស្សុីក្នុងសមរភូមិទីក្រុងបាកមូត (Bakhmut)។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

បើតាមសន្និសីទសង្ខេបប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្សុី មេបញ្ជាការកងពលតូច Motorized Rifle Brigade ទី៤ លោក វីយ៉ាឆេស្លេវ ម៉ាការ៉ូវ (Vyacheslav Makarov) និងមេបញ្ជាការរងមកពីអង្គភាពដាច់ដោយឡែកមួយទៀត គឺលោក យ៉េវហ្កេនី ប្រ៊ូវកូ (Yevgeny Brovko) ត្រូវបានសម្លាប់ក្នុងពេលព្យាយាមឆ្លើយតប លើការវាយលុករបស់អ៊ុយក្រែន។ ជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែន បាន និងកំពុងធ្វើការវាយប្រហារនៅភាគខាងជើង និងភាគខាងត្បូងនៃទីក្រុងបាកមូត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប៉ុន្តែមិនទាន់វាយបំបែកខ្សែការពាររបស់រុស្សុីបាននៅឡើយទេ។ រាល់ការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែនត្រូវបានវាយបកវិញ។

គួរបញ្ជាក់ថា នេះជាការទទួលស្គាល់ដ៏កម្ររបស់ក្រសួងការពារជាតិរុស្សុី ជុំវិញការស្លាប់មេបញ្ជាការយោធារបស់ខ្លួន។ ទ​ន្ទឹមនឹងនេះ ទីក្រុងមូស្គូក៏បានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនត្រូវបានរុញច្រាន ឲ្យចុះមកវិញភាគខាងជើងនៃទីក្រុងបាកមូតវិញ ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែន។ យ៉ាងនេះក្តី ការប្រយុទ្ធគ្នាក្នុងសមរភូមិមិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ខណៈទីក្រុងកៀវបានបដិសេធលើការចាប់ផ្តើមប្រតិបត្តិការវាយបក ដែលបានប្រកាសកាលពីពេលកន្លងមក៕

ប្រភព៖ Fresh News

Share.

Comments are closed.