រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីអូណូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S. Jaishankar) នៅខាងក្រៅកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) នៅទីក្រុងកាហ្សាន់របស់ប្រទេសរុស្ស៊ី ដោយលោកបាននិយាយថា ប្រទែសឥណ្ឌូណេស៊ីប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីនៅក្នុងឆ្នាំនេះ ដែលវាគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅវេទិកាពហុភាគី។

លោកបានសង្កត់ធ្ងន់ថា ឥណ្ឌាគឺជាដៃគូដ៏សំខាន់ដែលគាំទ្រដល់សន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី ដោយលោកបាននិយាយបន្ថែមថា លោកស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ឥណ្ឌាក្នុងការលុបចោលការហាមឃាត់ទៅលើការនាំចេញអង្ករស ដែលជាឱកាសដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី។

អ្នកការទូតទាំងពីរក៏បានពិនិត្យមើលទៅលើសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលរួមមានវិស័យលំនៅដ្ឋាន ឱសថ ការពារជាតិ និងការអប់រំជាដើមផងដែរ។

ក្រុមប្រទេសប្រ៊ីកស៍ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ត្រូវបានពង្រីកកាលពីក្នុងខែមករាជាមួយនឹងការបន្ថែមសមាជិកថ្មីដែលរួមមានប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.