ប្រភពពីអង្គការ Nature Life បានឱ្យដឹងកាលថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ស.ព. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣ថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានចូលរួមអង្កេតតាមដានជីវចម្រុះនៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយបានកត់ត្រាវត្តមានសត្វស្លាបទឹកកម្រជាច្រើនប្រភេទ ដែលកំពុងរកចំណីលើផ្ទៃបឹងទន្លេឆ្មារ។

បឹងទន្លេឆ្មារ ជាបឹងមួយដ៏ធំហុំព័ទ្ធជុំវិញដោយព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយជាប្រភពចំណីដល់សត្វស្លាបទឹក និងការប្រកបរបរចិញ្ចឹមជីវិតប្រជានេសាទមូលដ្ឋានផងដែរ ជាពិសេសក្នុងចន្លោះខែមិនា រហូតដល់ខែមិថុនា ដែលជារយៈពេលទឹកបឹងទន្លេឆ្មារចាប់ផ្ដើមស្រកខ្លាំង។

សត្វស្លាបសំខាន់ៗដែលកត់ត្រាដោយក្រុមការងារយើងមានដូចជា ខ្លែងសមុទ្រកន្ទុយខ្មៅ (Black-tailed godwit), ត្រយ៉ងខ្លួនរលោង (Glossy Ibis), ត្រយ៉ងខ្លួនស (Black-head Ibis), រនាលពណ៌ (Painted Stork), ចង្កៀលខ្យង (Asian Openbill), ទាកាបព្រៃ (Spot-billed Duck), ជើង ទៀន (Black-winged Stilt) ជាដើម។ ដោយឡែកចង្កៀលខ្យង មានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។ ក្រុមការងារក៏សង្កេតឃើញផងដែរថា ចំនួនអ្នកនេសាទលៀសក្នុងបឹងនេះ ក៏មានការកើនឡើងផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០២១មក អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងគាំទ្រដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងការល្បាតឃ្លាំមើលជាប្រចាំ លើបទល្មើសធនធានធម្មជាតិ និងការអង្កេតតាមដានជីវចម្រុះផងដែរ ក្រោមថវិកាគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោងទន្លេសាបយើង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.