សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្រាប់ប្រទេសដែលជឿនលឿននៅលើពិភពលោក វិស័យកសិកម្មបានចូលរួមចំណែកប្រមាណតែ១ ភាគរយ ឬ អាចក្រោម១ភាគរយនៃផលិតផលសរុបរបស់ជាតិ ក៏ប៉ុន្តែមួយភាគរយរបស់គេនោះគឺគេអាចចិញ្ចឹមប្រជាជនគេបាន ហើយគេអាចនាំចេញទៅក្រៅប្រទេសបានទៀតផង។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់ នាក់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណែកកម្ពុជាក៏ដូចគ្នាពីមុនដែរ វិស័យកសិកម្មរបស់យើងបានគ្របដណ្តប់ប្រមាណជាង ៨០ ភាគរយនៃ ចំណែកផលិតផលសរុប តែប្រជាពលរដ្ឋរបស់យើងនៅតែខ្វះខាតស្បៀង។ ប៉ុន្តែឥឡូវបើគិតពីអត្រានៃចំនួនផលិតផលសរុបរបស់កម្ពុជាលើចំនួនវិស័យកសិកម្មថយចុះ ប៉ុន្តែមិនបានសេចក្តីថាផលិតកម្មថយចុះទេ កម្ពុជានៅសល់ស្បៀងសម្រាប់នាំចេញថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ត្រង់ចំណុចនេះគឺកុំគិតថាវិស័យកសិកម្មរួមតូច ហើយបែរជាខ្វះខាតមិនមែនដូច្នោះទេ ។ កសិកម្មរួមតូចតែយើងធ្វើប្រពលវប្បកម្ម ដំណាំស្រូវ ការបញ្ចូលបច្ចេកទេសទៅក្នុងវិស័យកសិកម្ម ការប្រើពូជ ការធ្វើស្រែតែមួយដងមួយរដូវ តែធ្វើឱ្យបានច្រើនដង តាមរយៈធ្វើឱ្យមានទឹកនៅតាមប្រឡាយ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.