លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងជានាយក​បច្ចេកទេសរៀបចំការប្រកួតកីឡាស៊ីហ្គេមផ្នែកកីឡាសីដក់បានអំពាវនាវដល់គ្រប់​មជ្ឈ​ដ្ឋាន ​ជួយ​គាំទ្រទាំងស្មារតី សម្ភារ ដោយសារតែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​​​បានរង់​ចាំអស់រយៈពេល៦៤ឆ្នាំ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោក ទុយ ប៊ុនហឿន បានថ្លែងថា សម្រាប់ការរៀបចំជាលើកទី១នេះ យើង​សង្កេត​​ឃើញ​ថាគឺអាច​ទទួល​យកបាន និងអំពាវនាវដល់គ្រប់ផ្នែកទាំងអស់ដើម្បីគាំទ្រ លើក​ទឹក​ចិត្ត​ដល់​កីឡាករ ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់។ លោកបានបញ្ជាក់ថា ការងាររៀបចំការប្រកួតគឺជា​ការងារមួយធំ ហើយថ្មី សម្រាប់កម្ពុជា ប៉ុន្តែដោយសារ​តែការ​ខិតខំប្រឹងប្រែងយកចិត្តទុក​ដាក់ និងទទួលបានការសហការពីសហព័ន្ធកីឡាសីដក់ និង​ឈិនឡូនអន្តរជាតិផង ធ្វើឱ្យ​ដំណើរការរបស់យើងបានល្អប្រសើរ។

​ទាក់ទងនឹងដំណើរការប្រកួតនេះដែរ លោកនាយកបច្ចេកទេសបានគូស​បញ្ជាក់​បន្ថែមថា យើងក៏មានមោទកភាព ព្រោះកីឡាករ កីឡាការិនីបានត្រៀមលក្ខណៈ និង ដោយ​មានការគាំទ្រឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា យើងបានសម្រេចគោល​ដៅ​របស់យើង ដោយសហព័ន្ធកីឡាសីដក់ត្រៀមទទួលមេដាយមាសពីរ ប៉ុន្តែលទ្ធផលដែល​ទទួលបានជាក់ស្តែងគឺទទួលបានមេដាយមាសចំនួន៤។ លោកបានអះអាងថា នេះជា​មោទកភាពសម្រាប់កីឡាករ កីឡាការិនី សហព័ន្ធ និងប្រទេសជាតិយើងទាំងមូល។

ជាមួយគ្នានេះដែរ លោកអនុប្រធានសហព័ន្ធបានមានប្រសាសន៍ថ្លែងអំណរគុណ​ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ឱកាសក្នុងការបណ្តុះបណ្តាលថ្នាល​ក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំជម្រើសជាតិ ដែលបាន​ជួយ​ឧបត្ថម្ភ ក្នុងការហ្វឹកហាត់នៅទីនោះ​អស់រយៈពេល៣ខែ២០ថ្ងៃ។

សូមបញ្ជាក់ថា កីឡាសីដក់ និងឈិនឡូន ត្រូវបានបញ្ចូលក្នុងការប្រកួតកីឡា​ស៊ីហ្គេម លើកទី៣២នេះ ដោយចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ក្នុងនោះ ឈិនឡូន ចាប់ផ្តើមដំណើរការពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ហើយ​សីដក់​ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់កីឡាសីដក់ មាន​ប្រ​ទេស​​ចូលរួមចំនួន១០ ហើយកម្ពុជាយើងមានកីឡាករ កីឡាការិនីសរុប៣០នាក់ ក្នុង​នោះ​កីឡាករ១៨នាក់ និងកីឡាការិនី១២នាក់ ដោយចូលរួមក្នុងគ្រប់វិញ្ញាសា ទាំង​ឈិនឡូន និងសីដក់។ កីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយមាស៤វិញ្ញាសា ប្រាក់​​១ និង​សំរឹទ្ធ៨វិញ្ញាសា លើប្រភេទកីឡាសីដក់ និងឈិនឡូន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.