លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលនេះប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុង នៃស្មារតីជាតិនិយមបែបវិជ្ជមាន។ ពិតណាស់ ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។

ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ South-East Asia នៅក្រុងសៀមរាប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។

ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា «ខ្មែរធ្វើបាន» ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវសូមឲ្យបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឲ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។ លើសពីនេះ ក៏សូមបន្តដុសខាត់ផ្នត់គំនិត និងអត្តចរិតរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការបើកចិត្តឲ្យទូលំទូលាយ និងដាក់ខ្លួនឲ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។

លោកបណ្ឌិត បានអះអាងថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ហើយជាពិសេសករណីខេត្តសៀមរាបនេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង គឺ៖ ទី១៖ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ, ទី២៖ កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣៖ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រទេស ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម៕

ប្រភព៖ Fresh News

Share.

Comments are closed.