កិច្ចចរចាត្រីភាគីរវាងតួកគី ស៊ុយអែត និងហ្វាំងឡង់ ទាក់ទងនឹងការរំពឹងទុកជាសមាជិកភាពរបស់អង្គការណាតូនៃប្រទេសទាំងពីរចុងក្រោយនេះ ត្រូវបានផ្អាកដោយគ្មានកំណត់តាមសំណើរបស់ទីក្រុងអង់ការ៉ា។

ការអភិវឌ្ឍនេះបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុមួយកាលពីថ្ងៃសៅរ៍នៅពេលដែលលោក រ៉ាស់មូស ប៉ាលូដាន់ ប្រធានគណបក្សស្តាំនិយមដាណឺម៉ាក Stram Kurs បានដុតជាសាធារណៈនូវច្បាប់ចម្លងនៃគម្ពីគូរ៉ាន់នៅមុខស្ថានទូតតួកគីក្នុងទីក្រុងស្តុកខុម។

ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយនៅពេលមុននេះថា ចំពោះឧប្បត្តិហេតុនោះ ប្រទេសស៊ុយអែតមិនគួរពឹងផ្អែកទៅលើការចូលជាសមាជិកភាពរបស់អង្គការណាតូដែលត្រូវបានគាំទ្រដោយតួកគីនោះទេ។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ប៉េកកា ហាវីស្តូ ក៏បានស្នើឡើងផងដែរថា កិច្ចចរចារវាងតួកគី ស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ត្រូវផ្អាកមួយរយៈសិន៕

Share.

Comments are closed.