អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា កិច្ចសន្ទនាដ៏មានអត្ថន័យជាមួយប្រទេសជប៉ុនស្តីពីសន្ធិសញ្ញាសន្តិភាពមួយ គឺទំនងនៅតែមិនអាចទៅរួចបាននៅពេលបច្ចុប្បន្ននេះ ដោយសារតែទីក្រុងតូក្យូបានចូលខាងបណ្តាប្រទេសដែលមិនមានភាពរួសរាយរាក់ទាក់ជាមួយរុស្ស៊ី។

មន្ត្រីវិមានក្រឹមឡាំងរូបនេះបាននិយាយដោយឆ្លើយតបទៅនឹងសំណួរ ស្តីពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការធ្វើអន្តរកម្មជាមួយទីក្រុងតូក្យូស្តីពីសន្ធិសញ្ញាសន្តិភាពថា «ប្រទេសជប៉ុនបានចូលរួមយ៉ាងសកម្មក្នុងក្រុមនៃបណ្តាប្រទេសទាំងនោះ ដែលបានក្លាយជាមិត្តដែលមិនមានភាពរួសរាយរាក់ទាក់ចំពោះយើង។ ហើយជាមួយនឹងសកម្មភាពរបស់ខ្លួនទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ជប៉ុនមិនបានបង្ហាញអ្វីមួយក្នុងន័យស្ថាបនានោះទេ។ សំខាន់ទៅទៀតនោះ គឺការអវត្តមាននៃកិច្ចសន្ទនាដ៏មានអត្ថន័យនានានាពេលបច្ចុប្បន្ន ហើយពិតណាស់វាស្ថិតនៅក្រោមលក្ខខណ្ឌទាំងនោះដែលវាទំនងនៅតែមិនអាចទៅរួចនោះទេសម្រាប់កិច្ចពិភាក្សាអំពីលទ្ធភាពជាក់ស្តែង»។

នៅពេលមុននេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា បើទោះបីជារដ្ឋាភិបាលរបស់ប្រទេសជប៉ុនស្ថិតក្នុងស្ថានភាពលំបាកនៃកិច្ចការរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ ដោយសារស្ថានភាពជុំវិញបញ្ហាអ៊ុយក្រែនក៏ដោយ ក៏យើងនៅតែរក្សាគោលនយោបាយរបស់ខ្លួន សំដៅដោះស្រាយបញ្ហាទឹកដី និងបញ្ចប់សន្ធិសញ្ញាសន្តិភាព។

អស់ជាច្រើនទសវត្សរ៍មកហើយដែលទីក្រុងមូស្គូ និងទីក្រុងតូក្យូបានធ្វើការពិភាក្សាគ្នា ដើម្បីភ្ជាប់សន្ធិសញ្ញាសន្តិភាពបន្ទាប់ពីសង្គ្រាមលោកលើកទីពីរមក។ បញ្ហាកោះគូរីលភាគខាងត្បូងនៅតែជាចំណុចគន្លឹះសំខាន់។ នៅឆ្នាំ១៩៤៥ ប្រជុំកោះទាំងមូលត្រូវបានប្រគល់ទៅឱ្យសហភាពសូវៀត។ ទីក្រុងតូក្យូបានដាក់ការទាមទារប្រជុំកោះអ៊ីទូរូប កោះគូណាសៀរ កោះស៊ីកូតាន់ និងក្រុមកោះដែលគ្មានមនុស្សរស់នៅ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា អធិបតេយ្យភាពរបស់ទីក្រុងមូស្គូទៅលើប្រជុំកោះទាំងនោះ គឺស្ថិតនៅក្នុងច្បាប់អន្តរជាតិ ហើយមិនអាចចោទសួរបានឡើយ៕

Share.

Comments are closed.