លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុង ឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះ សីហនុ បានថ្លែងថា ការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះ សីហនុ ជាការបំពេញទស្សនកិច្ច និងចូលរួមសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ ។
លោកអភិបាលរងខេត្តបញ្ជាក់ថា ខេត្តព្រះសីហនុ និងទីក្រុងឆាងវុន នៃសាធា រណរដ្ឋកូរ៉េ បានបង្កើតចំណងមិត្តភាពជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ ២០១៧ និងបានផ្លាស់ប្តូរកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វប្បធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងទស្សនកិច្ចសិក្សានាពេលកន្លងមក។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ជាក់ស្តែង តបតាមការអញ្ជើញរបស់ទីក្រុង ឆាងវ៉ុន ឯកឧត្ដមត្រូវបានចាត់ជាតំណាងរដ្ឋបាលខេត្ត ចូលរួមកម្មវិធីបុណ្យផ្កា Masan Kuk Hwa Chhuk Je លើកទី២២ (ម៉ាសាន គុគហ្វា ឈុកចេ) នាខែតុលា ឆ្នាំ២០២២ថ្មីៗនេះ។
ឯកឧត្ដមអភិបាលរងបានឱ្យដឹងទៀតថា ការរៀបចំសម្តែងសិល្បៈក្នុងគោល បំណងពង្រឹងទំនាក់ទំនងមិត្តភាពខេត្ត-ក្រុងបងប្អូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដើម្បីបង្កលក្ខណៈដល់ប្រជាជន នៃប្រទេសទាំងពីរ (កម្ពុជា-កូរ៉) បង្កើតភាពស្និទ្ធស្នាលឈ្វេងយល់ពីគ្នាកាន់តែច្បាស់ និងផ្សព្វផ្សាយពីសក្កានុពលវប្បធម៌ ទេសចរណ៍ និងធុរកិច្ចទៅកាន់សាធារណជនកូរ៉េ និងប្រជាពលរដ្ឋ នៃខេត្តព្រះសីហនុ។
លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជាជាតំណាងមជ្ឈមណ្ឌលទ្រ ទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកា ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យមានកម្មវិធីផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅផ្លាស់ប្តូរវប្បធម៌ប្រទេសទាំង២ ដោយមានប្រជាជនកម្ពុជាប្រមាណ ៤០ ០០០ នាក់ រស់នៅក្នុងប្រទេសកូរ៉េ និងជនជាតិកូរ៉េចំនួនប្រមាណ ១១ ០០០ នាក់ រស់នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ កម្ពុជាជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ប្រជាជនកូរ៉េ ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍ជនជាតិកូរ៉េប្រហែល ៦ ០០០ នាក់ មកលេងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាមួយចំនួនធំទៅលេងប្រទេសកូរ៉េផងដែរ។ ឯកឧត្ដមបានអះអាងថា ការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា បានរីកសុះសាយយ៉ាងទូលំទូលាយជាឱកាសសម្រាប់ទីក្រុង ឆាងវ៉ុន និងខេត្តព្រះសីហនុ កាន់តែជិតគ្នា។
ក្នុងឆ្នាំ២០១៦ ក្នុងមហោស្រព MAMF ជាមហោស្រពពហុវប្បធម៌ចម្រុះដ៏ធំនៅប្រទេសកូរ៉េ ដែលមាន ១៥ ប្រទេស ចូលរួមក្នុងនោះប្រទេស កម្ពុជាក៏បានចូលរួមបង្ហាញពីភាពអស្ចារ្យ នៃសិល្បៈប្រពៃណីខ្មែរដល់ប្រជាជនកូរ៉េ។
ការសម្តែងនាពេលនេះ និងចាក់ផ្សាយតាមទូរទស្សន៍កូរ៉េ ហើយបានផ្តល់ឱកាសឱ្យប្រជាជនកូរ៉េបានឈ្វេងយល់អំពីវប្បធម៌ និងសិល្បៈដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឆ្នាំ២០១៧ ទីក្រុង ឆាងវ៉ុន និងក្រុងព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងបងប្អូន។
ក្រុមសិល្បៈវប្បធម៌ប្រពៃណីរបស់ប្រទេសកូរ៉េ “Jingwang” ដែលនឹងសម្តែងគឺជាក្រុមដែលត្រូវបង្កើតឡើង ដើម្បីផ្សព្វផ្សាយវប្បធម៌ និងសិល្បៈប្រពៃ ណីរបស់ប្រទេសកូរ៉េ ហើយជាក្រុមសិល្បៈប្រពៃណីតំណាងរបស់ប្រទេស កូរ៉េ ដែលបាននឹងកំពុងសម្តែងនៅក្នុងប្រទេស។ ដោយឡែក ក្រុមចម្រៀងកុមារា និងកុមារី ពហុវប្បធម៌ “ទាំងអស់គ្នា” ត្រូវបានបង្កើតឡើងដោយកុមារ និងក្មេងជំទង់ដែលមានឪពុកម្តាយជាជនបរទេស។
ក្រុមនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១០ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សម្តែងដែលរៀបចំដោយរដ្ឋាភិបាលតាមការអញ្ជើញទៅក្រៅប្រទេស។ បើតាមលោកអភិបាលរងខេត្ដព្រះសីហនុបានឱ្យដឹងថា ក្រុងព្រះសីហនុ ជាទីក្រុងមាត់សមុទ្រប្រវត្តិសាស្ត្រ និងស្រស់ស្អាតរបស់កម្ពុជា ហើយសង្ឃឹមថា ការសម្តែងវប្បធម៌កូរ៉េ-កម្ពុជាថ្ងៃនេះ ជាឱកាសសម្រាប់ប្រជាជន នៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ ហើយ (ឆាងវ៉ុន និងព្រះ សីហនុ ស្រដៀងគ្នាទីក្រុងទាំងពីរជាទីក្រុងឆ្នេរសមុទ្រ និងទីក្រុងនៃពហុវប្បធម៌បើកចំហ)។
លោក ឡុង ឌីម៉ង់ បានបន្ថែមថា តាមរយៈការសម្តែងក្រុមចម្រៀងផ្លាស់ប្តូរវប្បធម៌រវាងឆាងវ៉ុន និងខេត្តព្រះសីហនុកាន់តែសកម្ម ហើយប្រជាជនកូរ៉េដែលរស់នៅក្នុងតំបន់ទាំងពីរកាន់តែមានស្ថិរភាពនៅក្នុងសហគមន៍មូលដ្ឋាន។ នេះជាសមិទ្ធផលនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងឆាងវ៉ុន និងខេត្តព្រះ សីហនុក្នុងកម្រិតឯកជន និងជាការចាប់ផ្តើម នៃការទូតឯកជនសកម្ម៕
ប្រភព៖ ក្រសួងព័ត៌មាន