ប្រមុខ UN លោក អង់តូនីញ៉ូ ហ្គុយតឺរេស បានព្រមានកាលពីថ្ងៃចន្ទថា ស្ថានភាពនៅក្នុងប្រទេសអេត្យពី កំពុងរាលដាលយ៉ាងខ្លាំងរហូតមិនអាចគ្រប់គ្រងបាន ខណៈការប្រយុទ្ធគ្នា បានរាលចូលទៅភាគខាងជើងនៃប្រទេស ហើយរដ្ឋាភិបាល បានប្តេជ្ញាដណ្តើមគ្រប់គ្រងព្រលានយន្តហោះទាំងអស់ និងកន្លែងដទៃទៀត នៅក្នុងតំបន់ទីហ្រ្គេយ៍។
កង្វល់អន្តរជាតិ កំពុងកើនឡើងជុំវិញការប្រយុទ្ធគ្នាខ្លាំងឡើងៗនៅតំបន់ទីហ្រ្គេយ៍ ដែលកងកម្លាំងអេត្យូពី និងកងទ័ពមកពីប្រទេសក្បែរខាងអេរីត្រេ បង្កើនការវាយលុក នៅក្បែរទីក្រុង Shire។
លោកហ្គុយតឺរេស បានថ្លែងប្រាប់អ្នកកាសែតនៅ UN ថា៖ «ស្ថានការណ៍នៅអេត្យូពី កំពុងរីករាលដាលយ៉ាងខ្លាំងរហូតមិនអាចគ្រប់គ្រងបាន។ អំពើហិង្សា និងការបំផ្លិចបំផ្លាញ ឈានដល់កម្រិត១ គួរឱ្យព្រួយបារម្ភខ្លាំង»។ លោកបានប្រាប់ថា៖ «អរិភាព នៅតំបន់ទីហ្រ្គេយ៍នៃប្រទេសអេត្យូពី ត្រូវចប់ នាពេលឥឡូវនេះ ដោយអំពាវនាវឱ្យដកកងកម្លាំងអេរីត្រេចេញជាបន្ទាន់»។
សហភាពអឺរ៉ុប (EU) និងអាមេរិក បានចេញការអំពាវនាវសុំឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ បន្ទាប់ពីមានការអំពាវនាវពីសហភាពអា្រហ្វិក (AU) ឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ និងគ្មានលក្ខខណ្ឌ។ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមជិត ២ ឆ្នាំ រវាងកងកម្លាំងសហព័ន្ធ និងរណសិរ្សរំដោះប្រជាជនទីហ្រ្គេយ៍ (TPLF) ជនស៊ីវិលជាច្រើន ត្រូវបានសម្លាប់ មនុស្ស ២ លាននាក់ ត្រូវបង្ខំឱ្យរត់ភៀសខ្លួនពីផ្ទះសំបែងរបស់ពួកគេ និងជាច្រើនលាននាក់ផ្សេងទៀតកំពុងត្រូវការជំនួយ។
ប្រធានគណៈកម្មការ AU លោក Moussa Faki Mahamat កាលពីថ្ងៃអាទិត្យ ជំរុញគូជម្លោះ ឱ្យប្តេជ្ញាចំពោះការចរចាឡើងវិញ ក្រោយភាគីទាំង ២ ទទួលយកការអញ្ជើញចូលរួមកិច្ចចរចាសន្តិភាព នៅអា្រហ្វិកខាងត្បូង ដែលក្រោយមកមិនកើតឡើង។
ការប្រយុទ្ធគ្នា បានបន្ត រវាងភាគីសង្គ្រាម នៅខែសីហា ដោយធ្វើឱ្យរង្គោះរង្គើដល់បទឈប់បាញ់រយៈពេល ៥ ខែ ដែលបានអនុញ្ញាតឱ្យកំណត់ចំនួនជំនួយចូលទៅ ក្នុងតំបន់ទីហ្រ្គេយ៍ ដោយភាគីទាំង ២ ចោទគ្នាទៅវិញទៅមក ជុំវិញការបង្កើតការបាញ់មុន។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Abiy Ahmed បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ខ្លួនបេ្តជ្ញា ចំពោះដំណោះស្រាយជម្លោះ ដោយសន្តិវិធីតាមរយៈការចរចាសន្តិភាពដឹកនាំដោយ AU តែមិនបានអំពាវនាវឱ្យមានបទបាញ់ទេ។
ប៉ុន្តែរដ្ឋាភិបាលនេះ បាននិយាយថា ខ្លះនឹងបន្តវិធានការការពារ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អេត្យូពី ពីការគំរាមកំហែងខាងក្នុង និងខាងក្រៅ ដោយបានចោទ TPLF ថា បានឃុបឃិតជាមួយមហាអំណាចបរទេសជាសត្រូវ។
«វាគឺជារឿងចំាបាច់ណាស់ដែលរដ្ឋាភិបាលអេត្យូពី បន្តគ្រប់គ្រងព្រលានយន្តហោះ អគារសហព័ន្ធដទៃទៀត និងរៀបចំរចនាសម្ព័ន្ធ ក្នុងតំបន់នេះ»។
អាជ្ញាធរទីហ្រ្គេយ៍ បានប្រាប់ថាខ្លួនត្រៀមជាស្រេច ដើម្បីអនុវត្តការបន្ធូរបន្ថយអរិភាព និងអំពាវនាវសហគមន៍អន្តរជាតិជំរុញឱ្យរដ្ឋាភិបាលចូលតុចរចា។
ដោយប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល អ្នកនាំពាក្យ TPLF លោក Getachew Reda បានប្រាប់សារព័ត៌មាន AFP ថា៖ «វាគឺជាការបង្ហាញច្បាស់ថា រដ្ឋាភិបាល និងសម្ព័ន្ធមិត្ត នឹងធ្វើអ្វីគ្រប់យ៉ាង តាមរយៈចេតនាប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនតំបន់ទីហ្រ្គេយ៍»។
ប្រជាជន ៦ លាននាក់ នៅតំបន់ទីហ្រ្គេយ៍ ត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ ដោយប្រឈមនឹងការខ្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងថ្នាំពេទ្យ និងសេវាជាមូលដ្ឋាន ដូចជាទូរគមនាគមន៍ អគ្គិសនី និងធនាគារ៕
ប្រភព៖ Phnom Penh Post