នៅ​ប្រទេស​អ៊ីរ៉ង់ ​បាតុកម្ម​ដែលផ្ទុះ​ឡើងពេញ​ផ្ទៃប្រទេស​ ក្រោយការ​ស្លាប់​របស់ស្ត្រី​ឈ្មោះ​ MahsaAmini ក្រោយ​ត្រូវបាន​នគរបាល​សីលធម៌​អ៊ីរ៉ង់​ចាប់ខ្លួន​ ដោយសារ​ការ​ស្លៀកពាក់​ និងទទូរ​​ក្រណាត់​បំបិទ​រាងកាយ​មិន​ត្រឹម​ត្រូវនោះ​ គិតត្រឹម​ពេលនេះ ​បាន​បណ្តាល​ឱ្យស្លាប់​មនុស្ស​ជាង​ ២០០ នាក់។ ​

សហភាព​អ៊ឺរ៉ុប​នៅថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២២ បាន​សម្រេច​ដាក់​វិធានការ ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​ដ៏​កក្រើកនោះ​ដែល​ក្នុងនោះ​ មាន​មេប៉ូលិស​សីលធម៌​អ៊ីរ៉ង់​ដែរ។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាជិក​អ៊ឺរ៉ុប ​បាន​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​ទៅលើ​អ៊ីរ៉ង់​នោះ គឺមាន​មន្ត្រីអ៊ីរ៉ង់​សរុប​ចំនួន ​១១ នាក់។​​ ក្នុងនោះ​មាន លោក Issa Zarepour​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ទូរគម​នាគមន៍​អ៊ីរ៉ង់ ​លោក​ Moh ammad​ Rostami​Cheshmeh​Gachi​ មេ​នគរ​បាល​សីលធម៌​អ៊ីរ៉ង់​ និង​មេដឹកនាំ​ស្ថាប័ន​ ៣​ ផ្សេងទៀត​នៃ​អំណាច​ នយោបាយ-​សន្តិសុខ​អ៊ីរ៉ង់​។

ចាប់ពី​ថ្ងៃនេះ​តទៅ ​ជន​ដែល​ជាប់​ទណ្ឌកម្ម​របស់​អ៊ឺរ៉ុប ​នឹង​ត្រូវ​បាន​ហាមឃាត់​ មិន​ឱ្យ​ទទួល​បាន​ទិដ្ឋាការ​ចូលជាន់​ដី​អឺរ៉ុប។ ប្រាក់​សន្សំ និង​វិនិយោគ​ព្រមទាំង​ភាគហ៊ុន​ផ្សេងៗ ដែលជន​ទាំងនោះ​មាន​នៅក្នុង​ស្ថាប័ន​អឺរ៉ុប​ ក៏នឹង​ត្រូវ​បង្កក​ទុក​ផងដែរ​។​

នៅមុន​មានការ​ដាក់​ទណ្ឌកម្ម​របស់​អ៊ឺរ៉ុបនេះ​លោកស្រី ​Anna Baerbock​ រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ បាន​លើក​ឡើង ថា ​មែនទែន​ទៅ ​ពាក្យ​ថា «នគរបាល​សីលធម៌​អ៊ីរ៉ង់» ​ត្រូវ​បាន​អ៊ីរ៉ង់​​ប្រើប្រាស់​មិនត្រឹមត្រូវទេ ព្រោះតាម​ធាតុពិត សមត្ថកិច្ច​នគរបាល​នេះ គឺ​ជា​នគរបាល​ដែល​បង្ក​ឧក្រិដ្ឋកម្ម​បង្ក្រាប សម្លាប់​បាតុករ​ជា​ច្រើន​រយនាក់​។

លោក​ស្រី​Anna ​Baerbock​ បាន​អះអាង​ថា ​អឺរ៉ុប​មិនអាច​ឈរឱប​ដៃ ​មើល​យុវជន​ ជា​ពិសេស​ស្ត្រី​អ៊ីរ៉ង់​វ័យក្មេងៗ​សិស្ស​និស្សិត ​ដែលធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​អ៊ីរ៉ង់​ បង្ក្រាប​វាយ​ដំ​រហូត​ស្លាប់​ ឬ​ របួស​បាន​នោះឡើយ។ លោក​ស្រី​បាន​គំរាមថា ​ទណ្ឌកម្ម​ខាង លើនេះ​នឹង​ត្រូវ​បន្ថែម​ឱ្យកាន់​តែធ្ងន់ធ្ងរ​ថែម​ទៀត​ ប្រសិនបើ​អាជ្ញាធរ​អ៊ីរ៉ង់ ​មិន​ព្រម​រាងចាល ​និងបន្ត​រឹង​ទទឹង​ទៀតនោះ​។

រីឯ លោកស្រី​Anne Linde ​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​វិញ ​បាន​បញ្ជាក់ថា​ ទណ្ឌកម្ម​ដែល​អឺរ៉ុប​ បាន​សម្រេច​ដាក់ទៅ​លើ​អ៊ីរ៉ង់នេះ​ គឺ​សំដៅ​វាយ​ឱ្យ​ចំ​ទៅលើ​មន្ត្រី​អ៊ីរ៉ង់​ដែលជា​អ្នក​ទទួលខុស​ត្រូវលើ​ការ​បង្ក្រាប​ ដោយ​ហិង្សា​ឃោរឃៅ​បំផុត​ ទៅលើ​ក្រុម​បាតុករ​ និង​ជាពិសេស​ស្ត្រីអ៊ីរ៉ង់​ដែល​បាន​តវ៉ាទាមទារ​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី។

ក្រៅតែពី​សហភាព​អ៊ឺរ៉ុប​ សហ​រដ្ឋអាមេរិក ​កាណាដា​ និង​អង់គ្លេស​ ក៏​បាន​ប្រកាសជា​បន្តបន្ទាប់​នូវ​ទណ្ឌកម្ម​ទៅលើ​មន្ត្រី​ អាជ្ញាធរ​អ៊ីរ៉ង់ ​ដែលបាន​ចេញ​បញ្ជាបង្ក្រាប​យ៉ាង​សាហាវ​ទៅលើ​ក្រុម​បាតុករ​។

ចំណែក​ រដ្ឋាភិបាល​អ៊ីរ៉ង់ ​បាន​ចោទថា​ចលនា​បាតុកម្ម​ដ៏ខ្លាំងក្លា​ឈានដល់​ការ​បង្ក្រាប​ពលរដ្ឋ​ដ៏​ច្រើន​បែប​នេះ គឺមកពី​អាមេរិក​ជាអ្នក​អុជ​អាល​ទៅវិញ​។

គួរជ្រាបថា​អស់រយៈ​ពេល ១ ​ខែមក​ហើយ​ដែល​ប្រជាជន​អ៊ីរ៉ង់​ ជា​ពិសេស​យុវជន​សិស្ស​និស្សិត បានធ្វើ​បាតុកម្ម​នៅតាម​ទីក្រុង​ធំៗ ​ដើម្បី​តវ៉ាប្រឆាំង​នឹងការ​ដឹកនាំ​គាបសង្កត់​នៃ​របប​អ៊ិស្លាម​ផ្តាច់ការ​អ៊ីរ៉ង់។ ​បាតុកម្ម​ដែល​បាន​ផ្ទុះឡើង ​ក្រោយ​ការ​ស្លាប់របស់​ស្ត្រីឈ្មោះ ​MahsaAmini​ បន្ទាប់ពី​ត្រូវ​នគរបាល​សីលធម៌​អ៊ីរ៉ង់ ចាប់ឃាត់ខ្លួន​ដោយសារ​ការស្លៀកពាក់ ​និង​ទទូរ​ក្រណាត់​បំបិទ​រាងកាយ​មិន​ត្រឹមត្រូវ​។ ​យោងតាម​តួលេខ​របស់​អង្គការ​ Iran Human Rights ​គិតត្រឹម​ពេលនេះ ​ការ​បង្រ្កាប​បាតុកម្ម​ បាន​បណ្តាល​ឱ្យ​ ស្លាប់​មនុស្ស​ជាង​ ២០០ ​នាក់៕

ប្រភព៖ Phnom Penh Post

Share.

Comments are closed.