នៅប្រទេសអ៊ីរ៉ង់ បាតុកម្មដែលផ្ទុះឡើងពេញផ្ទៃប្រទេស ក្រោយការស្លាប់របស់ស្ត្រីឈ្មោះ MahsaAmini ក្រោយត្រូវបាននគរបាលសីលធម៌អ៊ីរ៉ង់ចាប់ខ្លួន ដោយសារការស្លៀកពាក់ និងទទូរក្រណាត់បំបិទរាងកាយមិនត្រឹមត្រូវនោះ គិតត្រឹមពេលនេះ បានបណ្តាលឱ្យស្លាប់មនុស្សជាង ២០០ នាក់។
សហភាពអ៊ឺរ៉ុបនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ បានសម្រេចដាក់វិធានការ ដាក់ទណ្ឌកម្មលើអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដ៏កក្រើកនោះដែលក្នុងនោះ មានមេប៉ូលិសសីលធម៌អ៊ីរ៉ង់ដែរ។
រដ្ឋមន្ត្រីការបរទេសនៃសមាជិកអ៊ឺរ៉ុប បានសម្រេចដាក់ចូលក្នុងបញ្ជីទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់នោះ គឺមានមន្ត្រីអ៊ីរ៉ង់សរុបចំនួន ១១ នាក់។ ក្នុងនោះមាន លោក Issa Zarepourរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍អ៊ីរ៉ង់ លោក Moh ammad RostamiCheshmehGachi មេនគរបាលសីលធម៌អ៊ីរ៉ង់ និងមេដឹកនាំស្ថាប័ន ៣ ផ្សេងទៀតនៃអំណាច នយោបាយ-សន្តិសុខអ៊ីរ៉ង់។
ចាប់ពីថ្ងៃនេះតទៅ ជនដែលជាប់ទណ្ឌកម្មរបស់អ៊ឺរ៉ុប នឹងត្រូវបានហាមឃាត់ មិនឱ្យទទួលបានទិដ្ឋាការចូលជាន់ដីអឺរ៉ុប។ ប្រាក់សន្សំ និងវិនិយោគព្រមទាំងភាគហ៊ុនផ្សេងៗ ដែលជនទាំងនោះមាននៅក្នុងស្ថាប័នអឺរ៉ុប ក៏នឹងត្រូវបង្កកទុកផងដែរ។
នៅមុនមានការដាក់ទណ្ឌកម្មរបស់អ៊ឺរ៉ុបនេះលោកស្រី Anna Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានលើកឡើង ថា មែនទែនទៅ ពាក្យថា «នគរបាលសីលធម៌អ៊ីរ៉ង់» ត្រូវបានអ៊ីរ៉ង់ប្រើប្រាស់មិនត្រឹមត្រូវទេ ព្រោះតាមធាតុពិត សមត្ថកិច្ចនគរបាលនេះ គឺជានគរបាលដែលបង្កឧក្រិដ្ឋកម្មបង្ក្រាប សម្លាប់បាតុករជាច្រើនរយនាក់។
លោកស្រីAnna Baerbock បានអះអាងថា អឺរ៉ុបមិនអាចឈរឱបដៃ មើលយុវជន ជាពិសេសស្ត្រីអ៊ីរ៉ង់វ័យក្មេងៗសិស្សនិស្សិត ដែលធ្វើបាតុកម្មដោយសន្តិវិធី ហើយត្រូវសមត្ថកិច្ចនគរបាលអ៊ីរ៉ង់ បង្ក្រាបវាយដំរហូតស្លាប់ ឬ របួសបាននោះឡើយ។ លោកស្រីបានគំរាមថា ទណ្ឌកម្មខាង លើនេះនឹងត្រូវបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ មិនព្រមរាងចាល និងបន្តរឹងទទឹងទៀតនោះ។
រីឯ លោកស្រីAnne Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែតវិញ បានបញ្ជាក់ថា ទណ្ឌកម្មដែលអឺរ៉ុប បានសម្រេចដាក់ទៅលើអ៊ីរ៉ង់នេះ គឺសំដៅវាយឱ្យចំទៅលើមន្ត្រីអ៊ីរ៉ង់ដែលជាអ្នកទទួលខុសត្រូវលើការបង្ក្រាប ដោយហិង្សាឃោរឃៅបំផុត ទៅលើក្រុមបាតុករ និងជាពិសេសស្ត្រីអ៊ីរ៉ង់ដែលបានតវ៉ាទាមទារសិទ្ធិសេរីភាពដោយសន្តិវិធី។
ក្រៅតែពីសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងអង់គ្លេស ក៏បានប្រកាសជាបន្តបន្ទាប់នូវទណ្ឌកម្មទៅលើមន្ត្រី អាជ្ញាធរអ៊ីរ៉ង់ ដែលបានចេញបញ្ជាបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករ។
ចំណែក រដ្ឋាភិបាលអ៊ីរ៉ង់ បានចោទថាចលនាបាតុកម្មដ៏ខ្លាំងក្លាឈានដល់ការបង្ក្រាបពលរដ្ឋដ៏ច្រើនបែបនេះ គឺមកពីអាមេរិកជាអ្នកអុជអាលទៅវិញ។
គួរជ្រាបថាអស់រយៈពេល ១ ខែមកហើយដែលប្រជាជនអ៊ីរ៉ង់ ជាពិសេសយុវជនសិស្សនិស្សិត បានធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីតវ៉ាប្រឆាំងនឹងការដឹកនាំគាបសង្កត់នៃរបបអ៊ិស្លាមផ្តាច់ការអ៊ីរ៉ង់។ បាតុកម្មដែលបានផ្ទុះឡើង ក្រោយការស្លាប់របស់ស្ត្រីឈ្មោះ MahsaAmini បន្ទាប់ពីត្រូវនគរបាលសីលធម៌អ៊ីរ៉ង់ ចាប់ឃាត់ខ្លួនដោយសារការស្លៀកពាក់ និងទទូរក្រណាត់បំបិទរាងកាយមិនត្រឹមត្រូវ។ យោងតាមតួលេខរបស់អង្គការ Iran Human Rights គិតត្រឹមពេលនេះ ការបង្រ្កាបបាតុកម្ម បានបណ្តាលឱ្យ ស្លាប់មនុស្សជាង ២០០ នាក់៕
ប្រភព៖ Phnom Penh Post