មន្រ្តីរាជរដ្ឋាភិបាលបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋប្រមាណ២៧ភាគរយ កំពុងរស់នៅ ក្នុងតំបន់អនាម័យប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ រួមគ្នាដោះស្រាយ ឱ្យបានល្អប្រសើរនិងទាន់ពេលវេលា ដើម្បីធានាបានសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។  លោកវេជ្ជបណ្ឌិត លីម សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ក្នុងវេទិកាចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្រោមប្រធានបទ «អនាម័យក្នុង បរិស្ថានប្រឈម» ថា បញ្ហាអនាម័យក្នុងតំបន់ប្រឈមគឺជាបញ្ហាមួយដ៏ស្រួចស្រាវ ដែលត្រូវចូលរួម ដោះស្រាយឱ្យខាងតែបាន ព្រោះក្រសួង ស្ថាប័នពាក់ព័ន្ធ បានរកឃើញថា ប្រជាពលរដ្ឋប្រមាណ២៧ភាគរយ កំពុងរស់នៅក្នុងតំបន់ដែលមានអនាម័យប្រឈម ហើយប្រជាជនពី ៣ទៅ៥ភាគរយ កំពុងរស់នៅក្នុងភាព ក្រីក្រ។ដូច្នេះបើពិនិត្យមើលអត្រាអនាម័យក្នុងពេលបច្ចុប្បន្ន គឺក្នុងរង្វង់៨០ភាគរយ ដែលបញ្ហានៅសេស សល់នោះ គឺជាបញ្ហាអនាម័យក្នុងតំបន់ប្រឈម ។

លោកវេជ្ជបណ្ឌិត បានបន្តថា បរិស្ថានប្រឈម គឺសំដៅទៅលើទីជនបទដែលពិបាកក្នុងការសាងសង់បង្គន់ អនាម័យធម្មតាៗ ឬការប្រើបង្គន់អនាម័យសាមញ្ញដែលទំនងជាបំពុលបរិស្ថានជុំវិញ ជាពិសេសប្រភពទឹក ក្រោមដី និងប្រភពទឹកលើដី ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា លក្ខណៈពិសេសនៃបរិស្ថានប្រឈម ដែលលំបាកក្នុងការសង់បង្គន់ នៅ ប្រទេសកម្ពុជា មានដូចជា៖ តំបន់ដែលមានសហគមន៍រស់នៅបណ្តែតទឹកជាប្រចាំ (ភូមិបណ្ដែតទឹក) តំបន់ទទួលរងទឹកជំនន់តិចតួច មធ្យម និងធ្ងន់ធ្ងរ តំបន់ដែលមានទឹកក្រោមដីនីវ៉ូខ្ពស់ តំបន់ដែលមាន ដីរឹងឬថ្ម តំបន់ខ្វះទឹក តំបន់ខ្វះមធ្យោបាយយកទឹកប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងការប្រើទឹកសម្រាប់បង្គន់ ចាក់ទឹកធម្មតា ជាដើម ។  « ចំណុចដែលនៅសេសសល់ ដែលយើងមិនអាចសម្រេចគោលដៅបាននោះ គឺបងប្អូនយើង រស់នៅក្នុងតំបន់ដែលមានអនាម័យប្រឈម ដូចជា តំបន់លិចទឹកឬដីលិចទឹក តំបន់ដែលមានដីថ្ម តំបន់ខ្វះទឹកជាដើមនោះ នេះហើយជាការលំបាកក្នុងការអនុវត្តន៍កម្មវិធី ការលើកកម្ពស់អនាម័យរបស់យើង ក៏ប៉ុន្តែទោះជាយើងជួបការលំបាកយ៉ាងណាក៏ដោយ ក៏យើងខិតខំដោះស្រាយ គឺកម្មវិធីលើកកម្ពស់អនាម័យ នេះ មិនទុកនរណាម្នាក់នៅក្រៅសេវាអនាម័យនោះទេ ដូច្នេះទោះមានការលំបាក ក៏យើងខិតខំដោះស្រាយ ជាពិសេសយើងចូលរួមពីបណ្ដាអង្គការដៃគូ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់» ។ សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានសហការជាមួយអង្គការដៃគូ រៀបចំវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្រោមប្រធានបទ អនាម័យក្នុងបរិស្ថានប្រឈម នាថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងរួមគ្នាចែករំលែកចំណេះដឹង ដំណោះស្រាយ បទពិសោធន៍ និងកម្មវិធី បានកំពុងអនុវត្ត ព្រមទាំងផ្តល់ឱកាសសម្រាប់បើកទំនាក់ទំនងនិងការសហប្រតិបត្តិការ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.