គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានសម្រេចយកពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ នេះ ទៅធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយកម្ពុជាបានយកពិធីនេះ ធ្វើជាការសាកល្បងចុងក្រោយដ៏សំខាន់មួយ សម្រាប់ការឈានទៅរៀបចំពិធីបើក-បិទ ជាប្រវត្តិសាស្ត្រ នៅពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។
ជាមួយការសម្រេចនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំជាមួយគណៈកម្មការទីលាន និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ដើម្បីធ្វើការពិភាក្សាការងារ និងពិនិត្យមើល ទៅលើវេទិកាគណៈអធិបតី តើត្រូវរៀបចំរបៀបណា ឱ្យមានសភាពត្រឹមត្រូវ តាមកន្លែងអង្គុយនីមួយៗ ដើម្បីឱ្យគណៈអធិបតីងាយស្រួលទស្សនា។
ជាមួយគ្នានេះ អង្គប្រជុំ ក៏បាននិយាយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងពហុកីឡដ្ឋាន ដែលត្រូវពិនិត្យមើលពីប្រព័ន្ធសុវត្ថិភាព សន្តិសុខសណ្ឋាប់ធ្នាប់ ជាពិសេសការកសាងភូមិកីឡា ដោយអង្គប្រជុំ បានវាយតម្លៃជារួមថា មានភាពវិជ្ជមានច្រើន ព្រមទាំងបានសម្រេចយកផែនការ B គឺការជ្រើសរើសយកចំនួនគ្រែ ឬមនុស្សត្រឹម៣៧០០នាក់ ដើម្បីឱ្យស្នាក់នៅក្នុងភូមិកីឡានេះ ពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយកិច្ចប្រជុំថា៖ «ចំពោះផែនការ A ដែលយើងជ្រើសរើសយកជាង៤ពាន់គ្រែ ឬនាក់ ដើម្បីស្នាក់នៅក្នុងភូមិកីឡានេះ អាចមិនសម្រេចបាន អ៊ីចឹងយើងសម្រេចយកផែនការ B ជាគោល ព្រោះចំនួន៣ ៧០០នាក់នេះ អាចគ្រប់គ្រាន់ សម្រាប់ដំណើរការឆ្លាស់គ្នា នៅក្នុងចំណោមប្រតិភូកីឡាប្រមាណជាង៩ពាន់នាក់ គឺអាចចេញចូលបាន»។
បន្ថែមលើនេះ អង្គប្រជុំ ក៏បានពិភាក្សាគ្នាយ៉ាងលម្អិត ទៅលើការរៀបចំច្រកចេញចូលសម្រាប់ VIP, ច្រកចេញចូលសម្រាប់កីឡាករ កីឡាការិនី និងច្រកចេញចូល សម្រាប់មហាជន ចូលរួមផងដែរ។ ការបែងចែកនេះ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងទស្សនា ហើយការរៀបចំពិធីបើក-បិទកីឡាជាតិ នៅថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ ជាពេលដែលគណៈកម្មការជំនាញនីមួយៗរបស់ CAMSOC ត្រូវអនុវត្តផ្ទាល់ ដើម្បីជាការសាកល្បង មុនពេលស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងនឹងរៀបចំពិធីបើក-បិទកីឡាជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ ហើយនៅក្នុងពិធីនេះ យើងនឹងរៀបចំមហាជន ឱ្យចូលរួមទស្សនា ទៅតាមច្រកនីមួយៗ។ នេះជាការរៀបចំសាកល្បង ដូចពេលយើងរៀបចំពិធីបើក-បិទស៊ីហ្គេម អ៊ីចឹងដែរ ដូច្នេះនៅក្នុងស្ថានភាពដ៏មមាញឹកនេះ យើងបានកំណត់ឱ្យភាគីពាក់ព័ន្ធ ក្នុងការរៀបចំនេះ ជាពិសេសគណៈកម្មការជំនាញនីមួយៗ ត្រូវមានម្ចាស់ការ លើការរៀបចំរបស់ខ្លួន»។
«ពិធីបើក-បិទកីឡាជាតិនេះ ដើម្បីសាកល្បងចរន្ត ទៅលើការរៀបចំកន្លែង និងទីតាំងអ្នកចូលរួម សាកល្បងពីសុវត្ថិភាព សន្តិសុខ សណ្ឋាប់ធ្នាប់ និងសាកល្បងការសម្តែងតូចមួយ ប៉ុន្តែការសាកល្បងទាំងអស់នេះ ដើម្បីឱ្យយន្តការប្រព័ន្ធទាំងអស់ វាដើរ ហើយពេលមានការខ្វះអី វាឆ្គងអី គឺយើងត្រូវកែប្រែចំណុចខ្វះខាតទាំងអស់ហ្នឹងឱ្យហើយ តាមដែលអាចធ្វើទៅបាន ទម្រាំពិធីបើក-បិទផ្លូវការរបស់ស៊ីហ្គេម មកដល់»។ លោក ចំរើន បានបញ្ជាក់។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិ CAMSOC ដោយមានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាន ក៏នឹងរៀបចំឱ្យមាន «មជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការរួម» ដែលមានទីតាំងនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោនេះផ្ទាល់តែម្តង ដើម្បីធ្វើការពិនិត្យមើល ទៅលើការងារផ្សេងៗ ហើយមជ្ឈមណ្ឌលនេះ នឹងបង្កើតឱ្យមាន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២នេះទៅ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ «មជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការរួមនេះ នឹងស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិនេះតែម្តង ដោយអ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការងាររួមគ្នា នៅកន្លែងនេះ ហើយបែងចែកការងារ ដើម្បីត្រួតពិនិត្យ ថាការងារណាខ្លះហើយ មិនទាន់ហើយ»។
«ចំណុចទាំងអស់នេះ យើងធ្វើតាមប្រតិទិនការងារ និងផែនទីបង្ហាញផ្លូវរបស់ CAMSOC និងធ្វើទៅតាមដំណាក់កាលៗ ហើយយើងសង្ឃឹមថា ការដាក់ចេញនៅផែនការមេ និងផែនការយុទ្ធសាស្ត្រទាំងអស់នេះ នឹងអាចមានប្រសិទ្ធភាពល្អ និងទទួលបាននៅភាពម្ចាស់ការ ក្នុងការរៀបចំរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ»។ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បែបនេះ៕
ប្រភព៖ Phnom Penh Post