អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃពុធ ទី ១៣ ខែកញ្ញ បានអំពាវនាវឱ្យភាគីទាំងអស់ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ដោយចង្អុលបង្ហាញថា ពិភពលោក ឥឡូវនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់ មិនថាជាវិបត្តិបរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ក៏ដូចជាជម្លោះ និងសង្គ្រាមនានា ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ននេះ។
លោក Guterres បាននិយាយ នៅក្នុងពិធីបើកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៧ កាលពីថ្ងៃពុធថា៖ «យើងកំពុងប្រឈមនឹងស្ថានភាព ដែលពិភពលោកកំពុងធ្លាក់ចូលទៅក្នុងអន្តរាយ។ យើងចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីជំរុញឱ្យមានសន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
លោក Guterres បានបន្តថា៖ «បញ្ហាដែលត្រូវដោះស្រាយទាំងនោះ រួមមានជម្លោះ ការប្រែប្រួលអាកាសធាតុ ប្រព័ន្ធហិរញ្ញវត្ថុសកល ដែលខូចខាត ភាពក្រីក្រ វិសមភាព វិបត្តិអត់ឃ្លាន និងការរើសអើងពូជសាសន៍ ហើយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាមទារការសហការគ្នាយ៉ាងខ្ជាប់ខ្ជួន។ ទន្ទឹមនឹងនេះ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងសក្តានុពលដ៏អស្ចារ្យរបស់អង្គការនេះផងដែរ»។
នៅសប្តាហ៍ក្រោយ ប្រមុខរដ្ឋ និងអ្នកតំណាងជាន់ខ្ពស់ នឹងចូលរួម UNGA នៅទីក្រុងញូវយ៉ក ជាទីដែលប្រព័ន្ធផ្សព្វផ្សាយបរទេស បានធ្វើសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងមន្ត្រីអមដំណើរមួយចំនួនមកពីទីក្រុងម៉ូស្គូ ស្ថិតក្នុងចំណោមមន្ត្រីកំពូលៗ ដែលទទួលបានទិដ្ឋាការ ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំនេះបានចំនួន ២៤ នាក់ ពីក្នុងចំណោមមនុស្ស ៥៦ នាក់ ដែលអាជ្ញាធររុស្ស៊ី ដាក់ពាក្យសុំទិដ្ឋាការ។
បើតាមការបញ្ជាក់របស់ UN កាលពីដើមខែកញ្ញានេះ មានការពិភាក្សាគ្នា ពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំរបស់តំណាងជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី។ ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្លាក់ចុះ ដោយសារការសម្រេចចិត្តបើកការលុកលុយលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី។
ដំបូងឡើយ មិនមានការផ្លាស់ប្តូរសម្រាប់កាលវិភាគនៃកិច្ចប្រជុំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែកញ្ញា នោះឡើយ តែដោយសារប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសជាច្រើន ត្រូវការធ្វើដំណើរទៅចូលរួមពិធីបុណ្យព្រះសពម្ចាស់ក្សត្រី Elizabeth II នៅចក្រភពអង់គ្លេស នៅថ្ងៃទី ១៩ ខែកញ្ញាជាមុនសិន ខណៈដែលលោក Guterres ប្រហែលជាមិនអាចចូលរួមពិធីបុណ្យព្រះសពនេះទេ៕
ប្រភព៖ Phnom Penh Post