ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃបានកើនឡើងចំនួន ២៦.៤៦ ភាគរយក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២២។ ការកើនឡើងនេះរហូតទៅដល់ ២.៧៨១ ពាន់លានដុល្លារបើប្រៀបធៀបទៅ ប្រាំពីរខែដំបូងកាលពីឆ្នាំមុនបានតែ ២.១៩៩ ពាន់លានដុល្លារប៉ុណ្ណោះ។
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញទៅប្រទេសថៃបានចំនួន ៥៥៩ លានដុល្លារ កើនឡើង ៣៨.៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលការនាំចេញរបស់ថៃមកកម្ពុជាមានតម្លៃ ២.២២២ ពាន់លានដុល្លារ កើនឡើង ២៣.៨៥% ធៀបនឹងឆ្នាំមុនក្នុងកំឡុងខែមករា ដល់ខែកក្កដាឆ្នាំ ២០២១។
ផលិតផលនាំចេញភាគច្រើនរបស់កម្ពុជាទៅកាន់ប្រទេសថៃ គឺជាផលកសិកម្ម ខណៈពេលដែលផលិតផលនាំចូលពីប្រទេសថៃមកកម្ពុជារួមមាន រថយន្ត ប្រេងឥន្ធនៈ សម្ភារៈសំណង់ ជី ផលិតផលអាហារ និងគ្រឿងសំអាងជាដើម។
បើនិយាយពីសមតុល្យពាណិជ្ជកម្ម ប្រទេសកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសថៃរហូតដល់ទៅ ១,៦៦៣ ពាន់លានដុល្លារ ច្រើនជាងការនាំចេញប្រហែល៤ដង ។
យោងតាមកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ (JTC) ភាគីទាំងពីរបានកំណត់ទិសដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់ថា ប្រទេសថៃ និងកម្ពុជាមិនអាចឈានដល់គោលដៅនៃឆ្នាំ ២០២០ នោះទេ ដោយសារតែពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំរវាងកម្ពុជា និងចិនកើនឡើងជាង ១០ ពាន់លានដុល្លារ។
“ដោយសារការប្រកួតប្រជែង ប្រទេសមួយ ពេលខ្លះនឹងត្រូវធ្វើការកែតម្រូវលើទំហំពាណិជ្ជកម្មទ្វេភាគី អាស្រ័យលើតម្រូវការពីប្រទេសដទៃទៀត។ ជាឧទាហរណ៍ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដើម្បីការបង្កើនពាណិជ្ជកម្មជាមួយចិន ប្រហែលជាត្រូវមានការកាត់បន្ថយបញ្ជាទិញពីប្រទេសថៃ»។
មួយវិញទៀតលោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៏ថា ដោយសារតែការខ្វះខាតក្នុងការផ្គត់ផ្គង់ផលិតផលមួយចំនួនពីប្រទេសថៃ វាបានបង្ខំឱ្យឈ្មួញកណ្តាលនាំយកផលិតផលដោយផ្ទាល់ពីប្រទេសចិន និងដៃគូផ្សេងទៀតដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា។
លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា ៖ « លើសពីនេះទៅទៀតមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាដែលពង្រឹងបន្ថែមទៀតនូវយន្តការលំហូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ » ។
«កម្ពុជាមិនអាចបំពេញតម្រូវការពីប្រទេសថៃបានដែរ ដោយសារទំហំសេដ្ឋកិច្ចរបស់យើងតូច និងសមត្ថភាពផលិតក៏ទាបដែរ។ ដូច្នេះ រដ្ឋាភិបាលកំពុងព្យាយាមលើកកម្ពស់សមត្ថភាពផលិតរបស់សគ្រាសធុនតូចនិងមធ្យម (SME) ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង»។
ថៃជាដៃគូពាណិជ្ជកម្មធំទីបួនរបស់កម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះមានចំនួន ២២.២ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសកម្ពុជា
ខណៈដែលប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ៦.៩៧ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីរដែលមានទំហំពាណិជ្ជកម្ម ៥.៨៩ ពាន់លានដុល្លារ ហើយវៀតណាមជាដៃគូបន្ទាប់ដែលមានទឹកប្រាក់ចំនួន ៣.៧៦ ពាន់លានដុល្លារ។
ប្រភព៖ Khmertimekh.com