ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញ​​ទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

ក្នុងឱកាសនោះ ឯកឧត្ដមបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗរួមមាន (១) ឯកឧត្តម វ៉ុនណា ម៉ោងល្វីន រដ្ឋមន្រ្តីការបរទេស (២) ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និង (៣) សមាជិកក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌រួមមានឯកឧត្តម ខ្ញរ ម្យូទុត អនុរដ្ឋមន្រ្តីការបរទេស ឯកឧត្តមបណ្ឌិត អៃ ទុន អនុរដ្ឋមន្រ្តីសុខាភិបាល និង ឯកឧត្តម អោង ទុនខាញ អនុរដ្ឋមន្ត្រីសង្គមកិច្ច។កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងតាមដាននូវវឌ្ឍនភាពនៃក្របខណ្ឌដែលបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ កន្លងមក។

Share.

Comments are closed.