និយាយអោយខ្លីហើយងាយស្រួលស្ដាប់ បញ្ញាសិប្បនិម្មិតAI ជាប្រព័ន្ធម៉ាស៊ីនដែលមានសមត្ថភាពនិងបញ្ញាគ្រប់គ្រាន់ក្នុងការបំពេញការងារដែលជាធម្មតាត្រូវការភាពវៃឆ្លាតរបស់មនុស្ស។ ខួរក្បាលរបស់់មនុស្សជាមជ្ឈមណ្ឌលមួយដែលអាចផ្ទុកព័ត៌មានបានច្រើនលើសពីការស្មាន។ ប៉ុន្តែ អ្វីដែលអស្ចារ្យថែមទៀតនោះគឺ ខួរក្បាលរបស់យើងចេះវាយតម្លៃ ត្រិះរិះគិត ពិចារណា ដឹងខុស ដឹងត្រូវ។
គោលដៅនៃបញ្ញាសិប្បនិម្មិតទាំងអស់់គឺចង់ចម្លងសម្ថភាពការគិតរបស់មនុស្សទៅដាក់លើម៉ាស៊ីនដើម្បីបំពេញនូវគោលដៅដែលមនុស្សយើងចង់បាន។ អ្នកជំនាញផ្នែកកុំព្យូទ័រជុំវិញពិភពបានស្វះស្វែងបង្កើត AI ឆ្លាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុដែលនាំឲអ្នកជំនាញចង់បង្កើត AI មានច្រើនរាប់មិនអស់។ តាំងពីការគណនាប្រព័ន្ធសាច់ប្រាក់ក្នុងពិភពលោក រហូតដល់ក្នុងប្រព័ន្ធទូរស័ព្ទដៃ សុទ្ធតែមានការប្រើប្រាស់ AI ទាំងអស់។ វាបានបញ្ចេញនូវសម្ថភាពនៃ ការវែកញែក ការរៀនសូត្រ ការធ្វើផែនការ និងការច្នៃប្រឌិតលើគ្រប់ឧបសគ្គ។
AI នេះអាចរៀនគិត រៀនពិចារណាត្រូវបានគេឲឈ្មោះថា” Machine Learning’’។ និយាយជារួម ” Machine Learning’’ ជាការបង្កើតនូវ SOLFWARE ឬកម្មវិធីមួយដែលអាចបង្រៀនខ្លួនវាបាន។ SOLFWARE អាចសង្កេតមើលសកម្មភាពមនុស្សហើយរៀនពីវាដើម្បីបំពេញការងារនោះទៅថ្ងៃអនាគត។ ជាទូទៅ ដំណើរការនោះបានរួមបញ្ចូលជាមួយទិន្នន័យបណ្តុះបណ្តាលជាច្រើនសម្រាប់ធ្វើការវិភាគហើយធ្វើជាគំរូទៅថ្ងៃមុខ។ ប្រព័ន្ធ AI ត្រូវបានអ្នកជំនាញបង្កើតឡើងអោយមានជំនាញយល់ដឹងទៅលើបីផ្នែកធំៗមាន ការរៀន ការវែកញែក និងការកែតម្រូវខ្លួនឯង។ ដោយសារតែមានជំនាញលើផ្នែកទាំងបីនេះ យើងឃើញមានការប្រើប្រាស់ប្រព័ន្ធកម្មវិធី AI ក្នុងគ្រប់វិស័យ។
ជាក់ស្តែង ក្នុងប្រព័ន្ធ Facebook គេបានប្រើប្រាស់ប្រព័ន្ធ AI ដើម្បីស្វែងរកព័ត៌មានណាដែលជាចំណាប់អារម្មណ៍របស់បងប្អូនទូទៅ។ ទិន្នន័យដែលបានមកហើយត្រូវបានបញ្ចូលក្នុងប្រព័ន្ធមួយហៅថា algorithmឬរចនាសម្ពន្ធ័។ ដោយហេតុនេះហើយ គេអាចចាប់អ្វីដែលជាចំណងចំណូលចិត្តរបស់មនុស្សទូទៅហើយផ្សព្វផ្សាយវាអោយកាន់តែខ្លាំងថែមទៀត ដើម្បីឲពួកគេនូវបន្តប្រើប្រាស់បណ្តាញ Facebook កាន់តែយូរបន្ថែមទៀត។ Facebook, Tik Tok, Youtube, ឬ Google ក៏ដោយសុទ្ធតែមានប្រព័ន្ធ AI ជំនួយក្នុងការបំពេញចំណងចំណូលចិត្តរបស់អតិថិជនរបស់គេ។
ជារួមមក ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យា AI កាន់តែរីកចម្រើនឡើង។ ដោយសារតែការប្រើប្រាស់មានក្នុងគ្រប់ទីកន្លែងក្នុងប្រព័ន្ធអ៊ីនធឺណិត ការយល់ដឹងពីមូលដ្ឋាននៃប្រព័ន្ធ AI ជាការប្រសើរដ៏ល្អសម្រាប់បង្កើនចំណេះដឹងយើងតទៅថ្ងៃទៀត។ ទោះយ៉ាងណាក្តី ដោយសារតែការជឿនលឿននៃប្រព័ន្ធ AI នេះ យើងត្រូវមានការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ន្ធមានផ្ទាល់ខ្លួនក្នុងបណ្តាញសង្គមអឺនធឺណិត។ បើយើងសង្កេតមើលពិភពលោកសព្វថ្ងៃ មិនបច្ចេកវិទ្យាណាមានសក្តានុពលជាងបច្ចេកវិទ្យា AI នោះឡើយ។