កម្ពុជា–បារាំង ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
កម្ពុជា និងបារាំងបានឈានដល់កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមក្របខ័ណ្ឌនៃ Hubert Currien “Tonle Sap” Partnership។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា។
កិច្ចព្រមព្រៀងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវកម្ពុជា និងបារាំង ពីវិស័យសាធារណៈ ការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មីក្នុងចំណោមអ្នកស្រាវជ្រាវវ័យក្មេង ជំរុញការផ្លាស់ប្តូររវាងអ្នកស្រាវជ្រាវ និងការកសាងសហគមន៍វិទ្យាសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។
Hubert Currien “Tonle Sap” Partnership ក៏នឹងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថល កសិកម្មអនុវត្ត ជីវបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យា វិទ្យាសាស្ត្របរិស្ថាន នរវិទ្យានិងសង្គមវិទ្យា និងគរុកោសល្យប្រកបដោយភាពច្នៃប្រឌិត។
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស ភាពជាដៃគូថាមពលមេគង្គ-ជប៉ុន-អាមេរិក (Japan – U.S. – Mekong Power Partnership – JUMPP)
យោងតាមក្រសួងរ៉ែនិងថាមពល ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសភាពជាដៃគូថាមពលមេគង្គ-ជប៉ុន-អាមេរិក (Japan – U.S. – Mekong Power Partnership – JUMPP) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីបណ្តាប្រទេសពាក់ព័ន្ធរួមមាន ឡាវ វៀតណាម ថៃ និងជប៉ុនផងដែរ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើសេចក្តីព្រាងបឋមនៃផែនការសកម្មភាព JUMPP ដែលរៀបចំឡើងដោយសមាគមន៍ថាមពលអាមេរិក និងផ្តោតលើរបៀបវារៈសំខាន់ៗមានដូចជា គម្រោងថាមពលស្អាត ការអភិវឌ្ឍទីផ្សារថាមពលនិងការវិនិយោគ និងពាណិជ្ជកម្មថាមពលក្នុងតំបន់។
ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ាន និងកូរ៉េខាងត្បូង
យោងតាមក្រសួងព័ត៌មាន មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ក្រោមការសម្របសម្រួលជាមួយសមាគមសហគ្រិនម៉ៅការអន្តរជាតិកូរ៉េ (ICAK) បានរៀបចំវេទិកាតភ្ជាប់ទំនាក់ទំនងអាស៊ានលើកទី៩ នៅថ្ងៃទី១៨-១៩ ខែមករា ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក។
ព្រឹត្តិការណ៍នេះ បានផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការច្នៃប្រឌិតឌីជីថលប្រកបដោយចីរភាព ដែលទាញចេញពីផ្នែកយុទ្ធសាស្ត្រទាំងប្រាំនៅក្នុងផែនការមេ ស្តីពីការតភ្ជាប់ទំនាក់ទំនងអាស៊ាន (MPAC) ឆ្នាំ២០២៥ របស់អាស៊ាន។
វេទិកានេះក៏នឹងពិភាក្សាផងដែរ អំពីការតភ្ជាប់ទំនាក់ទំនងអាស៊ានក្នុងយុគសម័យក្រោយកូវីដ-១៩ និងមធ្យោបាយនានាដើម្បីលើកកម្ពស់លទ្ធភាពនៃគម្រោងតភ្ជាប់ទំនាក់ទំនងផ្សេងៗ។