ការពិភាក្សាគ្នារវាងបេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ជុំវិញការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ អំពីការបាញ់សាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង ហើយក៏បានព្រមព្រៀងគ្នារក្សាកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យបានកាន់តែជិតស្និទ្ធ។
លោក Noh Kyu-duk អ្នកតំណាងពិសេសសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ បានទទួលការពិគ្រោះយោបល់ជាបន្ទាន់ ជាមួយភាគីសហរដ្ឋអាមេរិក លោក Sung Kim និងភាគីជប៉ុន លោក Takehiro Funakoshi បន្ទាប់ពីកូរ៉េខាងជើងបានបាញ់អ្វីម៉្យាង ដែលសង្ស័យថាជាគ្រាប់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ដែលជាការបាញ់លើកទីបួនហើយនៅក្នុងឆ្នាំនេះ។
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយយកចិត្តទុកដាក់ចំពោះការអនុវត្តបន្ទាប់របស់កូរ៉េខាងជើង ពួកគេបានព្រមព្រៀងគ្នារក្សាកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យបានកាន់តែជិតស្និទ្ធសម្រាប់ការគ្រប់គ្រងស្ថេរភាពនៃស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងការបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង»។
ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យធុរកិច្ចជួយប្រទេសក្រីក្រក្នុង ‘ម៉ោងដែលត្រូវការ’
យោងតាមគេហទំព័រសារព័ត៌មានCNA អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់មេដឹកនាំធុរកិច្ច ធ្វើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ “ក្នុងម៉ោងដែលត្រូវការ” ជាមួយនឹងការទទួលបានវ៉ាក់សាំងកូវីដ១៩ ការជួយប្រយុទ្ធប្រឆាំងវិបត្តិអាកាសធាតុ និងកំណែទម្រង់នៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
ក្នុងសេចក្ដីថ្លែងការទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក លោក Guterres បាននិយាយថា “យើងត្រូវការការគាំទ្រ គំនិត ហិរញ្ញវត្ថុ និងសំឡេងនៃសហគមន៍ធុរកិច្ចពិភពលោក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ ហើយបានព្រមានថា បើគ្មានសកម្មភាពភ្លាមៗ វិសមភាព និងភាពក្រីក្រនឹងកាន់តែស៊ីជម្រៅ ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គម និងអំពើហិង្សាកាន់តែខ្លាំង។
លោកបាននឹងកំពុងជំរុញឱ្យមានសកម្មភាពជាសកលបន្ថែមទៀត ដើម្បីដោះស្រាយវិសមភាពវ៉ាក់សាំង កូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងសម្រាប់កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល។
ប្រទេសឥណ្ឌាមានឱកាសក្នុងការវិនិយោគ លើវិស័យវត្ថុពាក់កណ្ដាលចម្លង (semiconductors)
យោងតាមគេហទំព័រព័ត៌មាន The Economic Times បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា “នេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដែលផ្តល់ឱ្យប្រទេសខ្លួននូវការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី”។
លោក Narendra ក៏បានសាទរចំពោះការជំរុញការចាក់វ៉ាក់សាំង Covid-19 របស់ប្រទេសឥណ្ឌា ហើយបាននិយាយអំពីប្រធានបទដូចជា កំណែទម្រង់សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទូទាត់តាមឌីជីថល និងការអំពាវនាវឱ្យមានការវិនិយោគនៅក្នុងប្រទេសផងដែរ។