JICA គាំទ្រការរចនាស្តង់ដារនៃប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូរបស់កម្ពុជា
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសក្រសួងបានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា ជាមួយលោកស្រី Kamei Haruka ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី លើគម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ។
គួបញ្ជាក់ផងដែរថា JICA នឹងគាំទ្រគម្រោងសម្រាប់ការអភិវឌ្ឍន៍ការរចនាស្តង់ដារជាតិនៃប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូរបស់កម្ពុជា ដែលការចុះហត្ថលេខានេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តរបស់ខ្លួន។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៥។ ដែលគម្រោងនេះផងដែរ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកនៅក្នុងប្រទេសកម្ពុជា។
កម្ពុជា-ចិនជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយកាត់បន្ថយពន្ធលើទំនិញនាំចូលពីកម្ពុជាជាង៩០%
Khmer Times- ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន និងកម្ពុជានឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។
យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រទេសទាំងពីរ នឹងកាត់បន្ថយពន្ធ ដល់ជាង៩០% នៃការនាំចូលពីភាគីម្ខាងទៀត។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង ៤៥.៩% ដល់ ១០.៩៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ដែលឈានដល់គោលដៅចំនួន ១០ ពាន់លានដុល្លារអាមេរិក។
ក្រសួងបានបន្តទៀតថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឌីជីថល និងវិស័យបៃតង និងកាបូនទាប។
កម្ពុជា ឡាវ វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម
Khmer Times- កម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នេះបើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នាយឧត្តមសេនីយ៍ Vilay Lakhamphong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម បានជួបប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី៥ ខែមករា។
រដ្ឋមន្ត្រីទាំងបីបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗនៅតាមបណ្តាខេត្តជាប់ព្រំដែន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងបីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគី។