ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់លើកទី៩
យោងតាមក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក Choi Jong-kun និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng នឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៩ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងពិភពលោក បន្ទាប់ពីបានផ្អាកអស់រយៈពេល ៤ ឆ្នាំកន្លះ។
នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាយ៉ាងទូលំទូលាយអំពីមធ្យោបាយអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើឧបទ្វីបកូរ៉េ បញ្ហាតំបន់ និងអន្តរជាតិ។
ក្នុងនោះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាទៅលើគោលនយោបាយការបរទេសរៀងៗខ្លួន ស្ថានភាពអន្តរជាតិ និងតំបន់ ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗទៀត។
ប្រធានាធិបតីហ្វីលីពីន ប្រកាសពីស្ថានភាពគ្រោះមហន្តរាយនៅតំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយនៅក្នុងតំបន់ជាច្រើន ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្រ្គោះសម្រាប់ជនរងគ្រោះដោយព្យុះទីហ្វុង Rai ដែលបានវាយប្រហារភាគកណ្ដាល និងភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។
នៅក្នុងសុន្ទរកថាសាធារណៈ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី២១ ខែធ្នូ លោក Duterte បានដាក់ តំបន់ Mimaropa, Visayas ខាងលិច, Visayas កណ្ដាល, Visayas ខាងកើត តំបន់មីនដាណៅខាងជើង និងតំបន់ការ៉ាហ្កា ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយដោយសារឥទ្ធិពលនៃព្យុះទីហ្វុង។
កងទ័ពកំពុងរួសរាន់បញ្ជូនស្បៀងអាហារ និងទឹកទៅកាន់បណ្តាកោះនៅក្នុងប្រទេសហ្វីលីពីនដែលរងការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង ខណៈដែលអង្គការសប្បុរសធម៌មួយចំនួនបានអំពាវនាវរកជំនួយដើម្បីជួយដល់ប្រជាជនរាប់សែននាក់ ដែលបានចាកចេញពីផ្ទះសម្បែងដោយសារខ្យល់ព្យុះដ៏សាហាវនេះ។
មានមនុស្សយ៉ាងហោចណាស់ ៣៧៥នាក់ ត្រូវបានស្លាប់ និង ៥៦នាក់ ត្រូវបានបាត់ខ្លួន ដោយសារតែព្យុះទីហ្វុងរ៉ៃដែលកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ហើយមានមនុស្សចំនួន៥០០នាក់ត្រូវបានរងរបួស និង ១,៨ លាននាក់ ត្រូវរងផលប៉ះពាល់ ដោយក្នុងនោះមានប្រជាជនចំនួន ៦៣០ ០០០នាក់បានផ្លាស់ទីលំនៅ នេះបើយោងតាមស្ថិតិពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
កម្ពុជា វៀតណាម បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការកសិកម្ម
កម្ពុជា និងវៀតណាមប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម ដែលក្រុមហ៊ុនរបស់វៀតណាមជាច្រើនកំពុងប្រតិបត្តិការនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ជាងនេះទៅទៀត ប្រទេសវៀតណាម គឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជា ស្រូវ ដំឡូងមី ពោត ស្វាយ ស្វាយចន្ទី ចេក និងកៅស៊ូ។
ឯកឧត្តមអនុរដ្ឋមន្ត្រី Le Quoc Doanh បានកោតសរសើរចំពោះការសម្របសម្រួលដ៏ល្អរវាងក្រសួងនៃប្រទេសទាំងពីរ ដែលបានធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានចំនួនសរុប ៣.៧៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ខណៈដែលការនាំចូលពីប្រទេសវៀតណាមមានចំនួនសរុប ៣.៣២ ពាន់លានដុល្លារ។