សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របាន​សម្ដែងនូវសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយសម្ដេចបានគូសបញ្ជាក់ថា គឺធាតុចូលដ៏មានតម្លៃ​ប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និង​ដំណើរការ ASEM នោះ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១ «តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់​ពហុ​ភាគីនិយម»នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចខ្លឹម​សារសំខាន់ៗ​រួមមាន ១. យើងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀត​នូវតួនាទី​របស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវ​ការដោះស្រាយបញ្ហាប្រឈម។ ២. អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​ភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជា​គោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។ ៣. យើងបានលើកឡើងអំពី​បញ្ហា​ប្រឈម​ដែល​មិនធ្លាប់កើតមានពីមុនមក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈម​ទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ​ជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិ​សុខ​របស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាព​របស់យើង។ ៤. ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់​យើងទាំង​អស់គ្នា។ ក្នុងន័យនេះ យើងបានសម្ដែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម​ផ្អែក​លើវិធានច្បាប់ និងប្ដេជ្ញាការពារច្រវ៉ាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជា​ជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេស​ចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. យើងភាគច្រើនក៏បាន​ប្ដេជ្ញាចិត្ត​ចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើង​កំដៅ​ផែន​ដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។

ក្នុងន័យនេះ ការផ្គត់ផ្គង់បច្ចេកទេស និងហិញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវ​តែជាអាទិភាពមួយ។ ៦. យើងបានឯកភាពគ្នាថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ បាន​ផ្ដល់​នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរក​អនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕

ដោយជឹម ណារី

ប្រភព៖ AKP News

Share.

Comments are closed.