សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទ ដើម្បីប្រកាសស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ទន្ទឹមនឹងកិច្ចប្រជុំនោះ ប្រទេសចិនបានសន្យាផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ គួរជម្រាបថា បច្ចុប្បន្ននិស្សិតកម្ពុជាចំនួន ១,៧០៧នាក់ កំពុងសិក្សានៅប្រទេសចិន ហើយក្នុងចំណោមមាននិស្សិតចំនួន ៥១នាក់ប៉ុណ្ណោះ កំពុងសិក្សាផ្ទាល់ និង ១,៦៥៦នាក់ផ្សេងទៀត កំពុងសិក្សាពីចម្ងាយនៅកម្ពុជា។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានសន្យាផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏ធំបំផុតដល់ប្រទេសកម្ពុជា ដែលមានចំនួនប្រមាណ 30 លានដូស បន្ទាប់មក អង្គការសុខភាពពិភពលោកតាមរយៈ COVAX Facility ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

Share.

Comments are closed.