(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដែអូ ZOOM ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រី មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួងអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋករ ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី មកពីវិស័យឯកជន ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំនាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ យើងបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កម្ពុជាមានទិសដៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា ៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្រ្តទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី។ ជាលទ្ធផល ក្រុមការងារចងក្រងបាននូវរបាយការណ៍បឋមស្តីពី យុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១)សិក្សាស្វែងយល់ពីកត្តាដែលមានឥទ្ធិពល ដើម្បីពង្រឹងសមត្ថភាពវិស័យពាក់ព័ន្ធ សំដៅទាញយកផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី (២)ជ្រើសរើស និងលើកសំណើអំពីទំនិញសក្តានុពលសម្រាប់ជំរុញការផលិត និងការនាំចេញក្នុងរយៈពេលខ្លី មធ្យម និងវែង យោងតាមទីផ្សារដែលកម្ពុជាទទួលបាន (៣)វិភាគពីកត្តាពាក់ព័ន្ធនឹងការជំរុញការនាំចេញ តាមរយៈការវិភាគលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាគំរាមកំហែង លើផលិតផលមុខទំនិញសក្តានុពល (៤)រកឲ្យឃើញកត្តាប្រឈមទាំងឡាយ និងដាក់ចេញនូវវិធានការ និងសកម្មភាពដែលត្រូវអនុវត្តន៍ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ (៥)ផ្សព្វផ្សាយជូនសាធារណជន ធុរជន វិនិយោគគិន និងផ្នែកពាក់ព័ន្ធ ចូលរួមអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឲ្យមានប្រសិទ្ធភាពខ្ពស់។ ដោយផ្អែកលើការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០ មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញ ទាក់ទងនឹងឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកឱកាសជូនដល់ វិស័យឯកជន លើកឡើងជាសំណើ និងសំណូមពរនានាមកកាន់អង្គប្រជុំ ដែលទាក់ទងនឹងការជំរុញវិស័យស្រូវអង្ករ វិស័យកែច្នៃម្ហូបអាហារ វិស័យវាយនភ័ណ្ឌ វិស័យកសិ-ពាណិជ្ជកម្ម វិស័យចិញ្ចឹមសត្វ និងវិស័យសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដែលកិច្ចពិភាក្សានោះដំណើរការទៅយ៉ាងផុលផុស ដោយទទួលបានធាតុចូលល្អៗ ក៏ដូចជាសំណូមពរ និងសំណើផ្សេងៗ មកពីសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមចំណីអាហារកម្ពុជា សមាគមស្វាយចន្ទីរកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា សមាគមស្វាយកម្ពុជា សហគ្រិនខ្មែរ សមាគមសហគ្រិនស្រ្តីកម្ពុជា ក្រុមហ៊ុននាំចេញម្រេច ក្រុមហ៊ុននាំចេញអង្ករ សមគមវារីប្បករកម្ពុជា និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំចំពោះការលើកឡើង និងផ្ដល់យោបល់របស់តំណាងវិស័យឯកជនជូនអង្គប្រជុំ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការពិនិត្យ និងប្រមូលធាតុចូលបន្ថែមនៅក្នុងកិច្ចពិភាក្សានេះ ដើម្បីត្រៀមរាយការណ៍អំពីរបាយការណ៍បឋមស្តីពី យុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកិច្ចប្រជុំថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
Share.

Comments are closed.