កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈពេល ១០ខែ នៃឆ្នាំ២០២១។
ក្នុងរយៈពេល ១០ខែ នេះ ប្រទេសកម្ពុជា បានធ្វើការនាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៦០,១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅលើគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័ត ដែលក្នុងនោះទីផ្សារចម្បងមានចំនួន ៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណអង្ករនាំចេញសរុប រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន ២). ប្រទេសបារាំង ១១.០៧% ស្មើនឹង ៥០,៩៥១ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន ៤). ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន និងទី៥). ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។
ចំពោះប្រភេទអង្ករនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ នេះដែរ ឃើញថា អង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤% ។
ចំពោះការនាំស្រូវចេញគឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ខែតុលា ឆ្នាំ២០២១ នេះ គឺកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៤៩,៤៧១ តោន មានកំណើនប្រមាណជា ៤.០៨% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែតុលា ឆ្នាំ២០២០។