សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើស ជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
កម្មវិធី Gourmand World Cookbook Award ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ ទូទាំងសកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន ១៩៨ ដោយមានសៀវភៅសរុបចំនួន ៤ ០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។
សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សៀវភៅនេះបានជ្រើសរើសសម្រិតសម្រាំងយក មុខម្ហូប និងបង្អែមខ្មែរចំនួន ៣៨មុខ ដោយណែនាំពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះនៃការជំនួសគ្រឿងផ្សំរបស់ខ្មែរមួយចំនួន ដែលងាយស្រួលរកនៅបរទេស ព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។
ការទទួលបានពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» នាពេលនេះគឺជា មោទកភាពជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែល និងប្រណីតភាពនៃសិល្បៈម្ហូបខែ្មរដែលជាអត្តសញ្ញាណនៃអរិយធម៌ ដ៏វិសេសវិសាលរបស់កម្ពុជា។
ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ទន្ទឹមនេះ សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ រួមជាមួយផលិតផល និងម្ហូបខ្មែរ ជាច្រើនមុខផ្សេងទៀត ក៏ត្រូវបានដាក់បង្ហាញ និងដាក់ជាគំរូជូនអ្នកទស្សនាភ្លក់រសជាតិ នៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោក ដោយស្ថានតំណាងកម្ពុជានៅបរទេស ក្នុងនោះរួមមាន ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសស៊ុយអែត ប្រទេសកូរ៉េ ជាដើម។
គួរបញ្ជាក់ថា ពានរង្វាន់ហ្គ័រម៉ង់ នេះត្រូវបានគេទទួលស្គាល់ថាជា ពានរង្វាន់អូស្ការ សម្រាប់វិស័យម្ហូបអាហារ៕
ដោយ ផែន រតនៈ
ប្រភព៖ AKP News