ធុរកិច្ចបង្កើតថ្មីនៅតំបន់ Silicon Valley ដែលមានឈ្មោះថា Saildrone បានបញ្ជូនទូកមនុស្សយន្តចំនួន ប្រាំ គ្រឿងចូលទៅក្នុងព្យុះនៅមហាសមុទ្រអាត្លង់ទិក។ នាវានេះត្រូវបានបង្កើតឡើងដើម្បីធ្វើការប្រឆាំងនឹងខ្យល់ ព្យុះ និង រលក។ Saildrone បានសហការជាមួយស្ថាប័នមួយចំនួនដូចជា រដ្ឋបាលជាតិសមុទ្រ និងអាកាសធាតុរបស់សហរដ្ឋអាមេរិក (National Oceanic and Atmospheric Administration – NOAA) អង្គការ NASA កងការពារឆ្នេរសមុទ្រអាមេរិក ក្រសួងការពារជាតិ និងសាកលវិទ្យាល័យនានា ដើម្បីសិក្សាពីឥទ្ធិពលព្យុះ។ នាយកផ្នែកវិស្វកម្ម NOAA លោក Chris Meinig មានប្រសាសន៍ថា ការបញ្ជូនទូកមនុស្សយន្តមានសុវត្ថិភាពជាង ការបញ្ជូននាវា ឬយន្តហោះទៅក្នុងខ្យល់ព្យុះ។ នាវា Saildrone មានប្រវែង ម្ភៃបី ហ្វីត និងបំពាក់ដោយកាមេរ៉ាចំនួន បួន ដែលអាចវិភាគថាមពលខ្យល់ និងសីតុណ្ហភាពនៃមហាសមុទ្រ និងខ្យល់។

ប្រភព: CNN

Share.

Comments are closed.