ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមកដល់មាតុប្រទេសវិញដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងពិសេស នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីព្រះអង្គបានយាងទៅចូលរួម ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ (UNESCO) នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ។
យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់របស់ ព្រះករុណា ព្រះមហាក្សត្រ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងព្រះពាតិវង្សានុវង្ស ជាច្រើនរូបផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា
ប្រភព៖ AKP News




