ប្រទេសកម្ពុជាបានបើកដំណើរការទិដ្ឋាការអេឡិចត្រូនិកឡើងវិញ សម្រាប់អ្នកទេសចរ និងវិនិយោគិន

នៅថ្ងៃទី១៩ ខែតុលា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនការរបស់ខ្លួន ក្នុងការបើកទិដ្ឋាការអេឡិចត្រូនិកឡើងវិញសម្រាប់អ្នកដំណើរដែលមានបំណងចូលប្រទេសកម្ពុជា។ ទោះបីជាទិដ្ឋាការអេឡិចត្រូនិកត្រូវបានបើកឡើងវិញក៏ដោយ ការសុំទិដ្ឋាការពេលមកដល់មិនទាន់មាននៅឡើយទេ។ គេកត់សម្គាល់ថា កន្លងមកនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសុខភាពថ្មីដែល​ជាលក្ខខណ្ឌតម្រូវក្នុងការចូលមកកម្ពុជាដូចជា លទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង វិញ្ញាបនប​ត្រចាក់វ៉ាក់សាំង និងការធ្វើចត្តាឡីស័ក។

សម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួច រយៈពេលនៃការធ្វើចត្តាឡីស័ក ត្រូវបានកាត់បន្ថយមកត្រឹមប្រាំពីរថ្ងៃជាមួយនឹងប្រាក់កក់មួយពាន់ដុល្លារអាមេរិច ដើម្បីរ៉ាប់រងការចំណាយលើការស្នាក់នៅរបស់ពួកគេអំឡុងពេលចត្តាឡីស័ក។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានបន្ថែមថាតាមការអនុវត្តគោលការណ៍ណែនាំសុខភាពកម្ពុជាបានអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសលើកលែងទិដ្ឋាការចូលមកប្រទេស ហើយគ្រោងនឹងបើកព្រំដែនឡើងវិញជាមួយប្រទេសជិតខាង។ លោក ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាំក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានមើលឃើញថាជាយុទ្ធសាស្រ្តល្អសម្រាប់ទីផ្សារ និងជាសញ្ញាល្អក្នុងការលើកទឹកចិត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្តើមហោះហើរមកកាន់ប្រទេសកម្ពុជាវិញ។

Share.

Comments are closed.