លោក Jeff Bezos សន្យានឹងផ្ដល់ទឹកប្រាក់ចំនួន ២ពាន់លានដុល្លា ដើម្បីការពារបរិស្ថានពិភពលោក
ស្ថាបនិកក្រុមហ៊ុន Amazon និងជាមហាសេដ្ឋី លោកJeff Bezos បានប្រកាសនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថាលោកនឹងផ្តល់ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនៅក្នុងគម្រោងមួយដើម្បីស្តារជម្រកធម្មជាតិ និងជំរុញប្រព័ន្ធអាហារពិភពលោក។ លោក Bezos បានធ្វើសេចក្តីប្រកាសនៅខាងក្រៅសន្និសីទនៅប្រទេសស្កុតឡែន ថាឧស្សាហកម្មឯកជនត្រូវដើរតួនាទីនៅក្នុងវិបតិ្តអាកាសធាតុ ហើយលោកក៏បានប្តេជ្ញាថាអាជីវកម្មរបស់លោកនឹងដឹកនាំផ្លូវដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនឹងបានមកពីមូលនិធិ Bezos Earth Fund ដែលទើបបង្កើតថ្មី មានទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារ ដែល គាំទ្រហិរញ្ញវត្ថុដល់វិធានការការពារអាកាសធាតុ និងបរិស្ថាន។ ផ្នែកមួយនៃទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនឹងទៅគាំទ្រផែនការមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ១០០ នៅក្នុងសន្និសីទនៅប្រទេសស្កុតឡែនកាលពីថ្ងៃអង្គារ។
(ប្រភព៖ UPI)