ប្រទេសកម្ពុជា និងអូស្តា្រលី បានរួមសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងការរត់ពន្ធ និងការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន, ការឆបោក និងភេរវកម្ម។ លើសពីនេះ មានកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ ក្រោមគោលដៅជួយកម្ពុជា អភិវឌ្ឍកងកម្លាំងការពារជាតិ ដែលទំនើប និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែករក្សាស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់។

* ការតភ្ជាប់រវាងប្រជាជន និងប្រជាជន៖

ការតភ្ជាប់រវាងប្រជាជន នៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ហើយវាជាចំណុចមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងអូស្រ្តាលី-កម្ពុជា។ ប្រជាជនជាង ៦៦,០០០នាក់ដែលមានដើមកំណើតខ្មែរ កំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក្រោយរបបខ្មែរក្រហមឡើងកាន់កាប់អំណាច នៅឆ្នាំ១៩៧៥។ ដោយឡែក ជនជាតិអូស្រ្តាលីប្រមាណ ៦,០០០នាក់ ទៅ ៧,០០០នាក់ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយភាគច្រើនជាងអ្នកមានសញ្ជាជាតិពីរ ឬក៏ជាអ្នកដែលពាក់ព័ន្ធ ក្នុងការងារជួយអភិវឌ្ឍ។

* ការអប់រំ៖

គិតចាប់ពីឆ្នាំ២០១៤មក មាននិស្សិតអូស្រ្តាលីប្រមាណ ១៩,០០០ នាក់មកសិក្សា និងហ្វឹកហាត់ការងារនៅកម្ពុជា ក្រោមគម្រោង NCP ខណៈរដ្ឋាភិបាលកម្ពុជាផ្ទាល់ រួមជាមួយវិស័យឯកជននៅកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់ ចំពោះគម្រោងនេះ។

គិតចាប់ពីឆ្នាំ១៩៩៤ ប្រទេសអូស្ត្រាលី បានផ្តល់រង្វាន់អាហារូបករណ៍ ជូនសិស្ស-និស្សិតកម្ពុជាចំនួន ៨៥០នាក់ ទៅសិក្សានៅប្រទេសអូស្ត្រាលី។ ប្រទេសអូស្ត្រាលី ជាគោលដៅសិក្សាដោយប្រើភាសាអង់គ្លេសដែលពេញនិយមជាងគេ សម្រាប់សិស្ស-និស្សិតកម្ពុជា ហេតុនេះ ទើបមានសិស្ស-និស្សិតកម្ពុជាប្រមាណ ៣,០០០នាក់ បានចុះឈ្មោះចូលរៀននៅតាមបណ្តាគ្រឹះស្ថានអប់រំអូស្រ្តាលីក្នុងឆ្នាំ២០១៩។ ជារួមចាប់ពីឆ្នាំ២០០២ ប្រជាជនកម្ពុជាច្រើនជាង ១៧,០០០នាក់ បានសិក្សារៀនសូត្រនៅអូស្រ្តាលី។

* ទេសចរណ៍៖

មុននឹងជំងឺរាតត្បាតសកល COVID-19 ប្រទេសទាំងពីរមានចំនួនភ្ញៀវទេសចរកើនឡើងគួរឲ្យកត់សម្គាល់។ រវាងឆ្នាំ ២០១៨-២០១៩ មានទេសចររយៈពេលខ្លីចំនួន ១៣,៨០០នាក់ បានធ្វើដំណើរពីកម្ពុជាទៅអូស្រ្តាលី ដែលមានកំណើន ២១.៤ភាគរយ ធៀបនឹងឆ្នាំមុន។ រីឯជនជាតិអូស្រ្តាលីប្រមាណ ១២៧,៤៣០នាក់ បានមកធ្វើទេសចរណ៍នៅកម្ពុជា ក្នុងឆ្នាំ២០១៨។

* ពាណិជ្ជកម្ម និងវិនិយោគ៖

ក្នុងអំឡុងពេលវិបត្តិ COVID-19 អូស្រ្តាលីបានជួយទំនុកបម្រុងកម្ពុជា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍ ដែលមានគោលដៅលើការគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងការគាំទ្រផ្នែកវ៉ាក់សាំង។

កម្ពុជាក្នុងនាម ជាប្រទេសកំពុងអភិវឌ្ឍន៍ បានទទួលបានការលើកលែងពន្ធលើទំនិញដែលនាំចូលទៅកាន់ប្រទេសអូស្រ្តាលី។ កិច្ចព្រមព្រៀងបើកច្រកទីផ្សារទ្វេភាគី រវាងកម្ពុជា និងអូស្រ្តាលី បានសម្រេចកំឡុងពេលដែលកម្ពុជាក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីខែតុលា ឆ្នាំ២០០៤។

ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០២០ ប្រទេសទាំងពីរបានធ្វើពាណិជ្ជកម្ម ដែលមានទំហំសរុប ៤៣២.៤លានដុល្លារ ដែលជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ចំណែកទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។

សភាពាណិជ្ជកម្មអូស្រ្តាលីនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍នៃសហគមន៍ធុរកិច្ចអូស្រ្តាលី ក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់អូស្រ្តាលីនៅកម្ពុជា ផ្តោតសំខាន់ទៅលើវិស័យអប់រំ, ម្ហូបអាហារ-ភេសជ្ជៈ, សេវាកម្មហិរញ្ញវត្ថុ, រុករុករ៉ែ-ធនធាន, បដិសណ្ឋារកិច្ច, និងវិស័យសំលៀកបំពាក់។

អូស្រ្តាលី និងកម្ពុជា គឺជាភាគីនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០។ អូស្រ្តាលី និងកម្ពុជា ក៏ជាភាគីចរចានៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ផងដែរ៕

ប្រភព៖ Fresh News

Share.

Comments are closed.