AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ –នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ គឺជាថ្ងៃទី២៣ ខែតុលា ដែលត្រូវបានគេដឹង និងចងចាំថា គឺជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់សង្គមកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាដាច់ខាតសូមកុំភ្លេចថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តមួយដែរ ហើយក៏ជាថ្ងៃកំណើតនៃសន្តិភាពបរិបូរណ៍ ការអភិវឌ្ឍនិងការចាប់ផ្តើមទំព័រដ៏ត្រចះត្រចង់ឡើងវិញនៃសង្គមកម្ពុជា ។

ជាការពិត រវាងថ្ងៃទាំងពីរនេះ ពោលគឺថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃទំព័រប្រវត្តិសាស្រ្តពីរដែលយើងគួរតែចងចាំនៅក្នុងចិត្ត។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាថ្ងៃកំណើតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលភាគី៤ នៅក្នុងជម្លោះប្រដាប់អាវុធ និងនយោបាយ បានចុះកិច្ចព្រមព្រៀងសន្តិភាព និង ជាថ្ងៃខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”ចូលប្រទេសវិញ បន្ទាប់ពីរដ្ឋប្រហារដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយសារតែថ្ងៃទី២៣ តុលា គឺជាថ្ងៃប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋគឺមិនបានបំភ្លេចថ្ងៃនោះទេ ហើយកាលពីថ្ងៃទី១៨ ខែតុលា ២០២១ នេះ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០ ០០០ រៀលគំរូថ្មី ដើម្បីអបអរនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ២៣ តុលា គឺជាថ្ងៃដែលប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត បានចារឹកទុកក្នុងក្រាំងទំព័រមាសនៃប្រវត្តិសាស្រ្តកម្ពុជា និងក្នុងដួងចិត្ត ចំពោះព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចាខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមព្រះរាជតម្រិៈតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ។ ប៉ុន្តែទាំងអស់គ្នា ក៏ត្រូវតែចង់ចាំថ្ងៃពិសេសមួយទៀត ដែលជាសាវតានៃសន្តិភាពដ៏ពេញលេញ និងបរិបូរណ៍ ដោយសង្គមកម្ពុជាមានការឯកភាពគ្នាទាំងទឹកដី នយោបាយ កងកម្លាំងប្រដាប់អាវុធ ហើយរួមគ្នារស់នៅក្រោមបាវចនា «ជាតិ សាសនា និង ព្រះមហាក្សត្រ» តែមួយដូចគ្នា នោះគឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ជាការពិត ថ្ងៃទី២៣ តុលា ១៩៩១ ភាគីបួនបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែភាគីមួយ (ខ្មែរក្រហម) បានដកខ្លួនចេញវិញ ជាហេតុបង្កឱ្យកម្ពុជាបន្តរស់នៅរួមគ្នាក្រោមដំបូលមួយ មានពីរផ្នែក ដោយមួយផ្នែកដឹកនាំដោយរាជរដ្ឋាភិបាល ដែលកើតពីការបោះឆ្នោតដោយហត្ថលេខីបីភាគី និង ម្ខាងទៀត គឺបន្តរស់នៅក្រោមការដឹកនាំមួយ ដែលមានទាំងអង្គការចាត់តាំងនយោបាយ កងទ័ព ប្រជាជន មួយក្រុមផ្សេងទៀត ប៉ុន្តែក្រោមនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាដណ្តើមបានភាពឈ្នះ និងវាយកម្ទេចនូវអង្គការចាត់តាំង ភាគីខ្មែរក្រហមដែលក្បាលរឹង ដោយមិនអស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ក្រោមការផ្សះផ្សារ បង្រួបបង្រួមជាតិមួយ ហើយបង្កើតបាននូវសង្គមកម្ពុជាមួយ ដែលមានឯកភាពជាតិគ្រប់សរស្តម្ភនៃជាតិ ។ នយោបាយឈ្នះៗ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពង្រឹងនីតិរដ្ឋ និងសន្ដិសុខគតិយុត្ដ ដែលគ្មាននរណាអាចនឹងស្មានដល់ថា សង្រ្គាមស៊ីវិលមួយ ដែលមានអាយុកាលអូសបន្លាយតាំងតែពីដើមឆ្នាំ១៩៧០ អាចដួលរលំដោយជោគជ័យ ដោយគ្មានពលីកម្មជិវិតមនុស្សបែបនេះទេ ។

របបខ្មែរក្រហម ដែលបានបង្កសង្រ្គាមផ្ទៃក្នុងនៅកម្ពុជា ឬហៅថា សង្រ្គាមស៊ីវិល នៅក្នុងស្រុកចាប់តាំងតែពីទស្សវត្សរ៍ឆ្នាំ១៩៦០ មក ហើយបានកសាងសន្តិភាពមួយដែលពោរពេញដោយឈាម ទឹកភ្នែក ការឈឺចាប់ និង គ្មានពណ៌ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ហើយក្រោយដួលរលំ ក៏បន្តជិវិតនយោបាយ និងការសាបព្រួសសង្រ្គាមស៊ីវិលនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បានដួលរលំទាំងស្រុង នៅមុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។

សរុបមកវិញ ថ្ងៃទាំងពីរនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលយើងត្រូវតែចារឹកទុក ហើយទាំងអស់គ្នាក៏ត្រូវតែរួបរួមគ្នា មូលកម្លាំង និងមតិ ដើម្បីសម្រេចឱ្យបាននូវការកសាងសង្គមមួយ ដែលពោរពេញដោយនីតិរដ្ឋ និងសន្ដិសុខគតិយុត្ដ ព្រមទាំងសន្តិភាព និងការអភិវឌ្ឍមួយដ៏ចីរភាព ដោយឯកភាពជាតិ ឯករាជ្យ អធិបតេយ្យភាព និង គ្មានការជ្រៀតជ្រែកពីបរទេស៕

ដោយ ហេង​ បញ្ញា

ប្រភព៖ AKP News

Share.

Comments are closed.