ប្រាក់កម្ចី ៤០លានដុល្លា ពីADB ផ្ដល់ឲ្យកម្ពុជាសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុ

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឲ្យដឹងថា ADBបានអនុម័តគោលនយោបាយប្រាក់កម្ចីចំនួន ៤០លាន ដុល្លារអាមេរិក សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអនុវត្តនូវកំណែទម្រង់ដើម្បីជំរុញស្ថេរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

គួរឲ្យដឹងថា នៅកម្ពុជាមានតែ ២១.៧% នៃប្រជាពលរដ្ឋពេញវ័យ ដែលមានគណនីធនាគារ និង ១៨% ប៉ុណ្ណោះ ដែលមានចំណេះដឹងផ្នែកធនាគារ។ នេះជាមូលហេតុនាំឲ្យហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ។

បើតាមលោកស្រី Benita Ainabe កម្មវិធីរងថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬADB នេះ ជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

Share.

Comments are closed.