នៅពេលដែលបោះជំហានចូលខែវិច្ឆិកាខាងមុខនេះ គឺជាពេលដែលយើងកាន់តែរវល់ជាមួយ នឹងការទទួលខុសត្រូវដ៏សំខាន់មួយទាក់ទងនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ និងព្រឹត្តិការណ៍ អមមួយចំនួនទៀត ដែលសុទ្ធសឹងតែជាព្រឹត្តិការណ៍ដែលអាចនឹងនាំមកនូវឧត្តមភាព កិត្តិយស និងមោទកភាព សម្រាប់ប្រជាជាតិកម្ពុជា យើងទាំងអស់គ្នា។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាមួយដែលត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ១៩៩៦ ដើម្បីជម្រុញកិច្ចសន្ទនាផ្នែកនយោបាយ ពង្រឹងកិច្ចសហការផ្នែកសេដ្ឋកិច្ច លើកកម្ពស់សន្តិភាព និងសន្តិសុខ និងដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជាសកល ជាមួយគ្នា ដោយផ្អែកលើភាពស្មើគ្នាជាដៃគូ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ ហើយជាកិត្តិយសបំផុត ដែលកម្ពុជានៅ ក្នុងនាមជាប្រជាជាតិដ៏តូចមួយនៅលើពិភពលោក ប៉ុន្តែត្រូវបានគេទទួលស្គាល់នូវគុណតម្លៃ និងសមត្ថភាពដ៏បរិបូរណ៍ នៅក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលនឹងមានការចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រមុខការទូត ប្រទេស ៥១ នៅអាស៊ី និង អឺរ៉ុប រួមទាំងលេខាធិការដ្ឋានអាស៊ាន និង ក្រុមប្រឹក្សាអឺរ៉ុប ។ ជាការពិតកម្ពុជាមានគ្រោងនឹងប្រើប្រាស់ឱកាសនេះដើម្បីផ្សព្វផ្សាយពីកិត្យានុភាពជាតិ និងបង្ហាញនូវទិដ្ឋភាពពិតប្រាកដដែលកម្ពុជាមាន ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍ តាំងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយមិនមានការបាត់បង់ជីវិតសូម្បីតែម្នាក់ ជាពិសេសគឺគ្មានការផ្ទុះអាវុធ សូម្បីតែមួយគ្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ទុន និង ពាណិជ្ជករពីខាងក្រៅមកកម្ពុជាបន្ថែមទៀត។ ប៉ុន្តែយើងសោកស្តាយ ដោយសារតែមេរោគកូវីដ-១៩ យើងបានខកខានគោល បំណង ដ៏សំខាន់ទាំងនេះ។ យើងបានពន្យាពេលម្តងជាពីរដង ប៉ុន្តែចុងក្រោយយើងក៏បានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលមួយនេះ តាមទម្រង់អនឡាញវិញ។
ជាការពិតការប្តូរទម្រង់នៃការរៀបចំប្រជុំនេះ អាចនឹងធ្វើឱ្យកម្ពុជាខកខានឱកាសមួយចំនួន ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏នេះនៅ តែជាមោទកភាពជាតិមួយដែលយើងអាចធ្វើបាន ហើយពិភពលោកនឹងបន្តកត់ត្រានូវភាពលេចធ្លោ និងសមិទ្ធផលជាអន្តរជាតិមួយ ថ្មីទៀត ដែលកម្ពុជាអាចនឹងបំពេញបាន បន្ទាប់ពីកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលនានាជាច្រើនរួចមកហើយ ជាពិសេសគឺកិច្ចប្រជុំកំពូល អាស៊ាន កាលពីឆ្នាំ២០០២ និង ឆ្នាំ២០១២។ ប្រទេសកម្ពុជាយើង រាជធានីភ្នំពេញយើង នឹងត្រូវបានកត់ត្រានៅក្នុងបញ្ជីប្រទេស និងទីក្រុង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗ ដែលកន្លងមក កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះធ្លាប់រៀបចំនៅបាងកក ប្រទេសថៃ ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ទីក្រុងហាណូយ ប្រទេសវៀតណាម ទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ ទីក្រុងប៉េកាំង ប្រទេសចិន ទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទីក្រុងមីឡេន ប្រទេសអ៊ីតាលី ទីក្រុងអ៊ូឡង់ប៉ាទ័រ ប្រទេសម៉ុងហ្គោលី និង ទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។
ក្រុមមន្រ្តីទទួលខុសត្រូវ ក៏ដូចជាសេនាធិការនៃការរៀបចំកិច្ចប្រជុំកំពូលនេះ និងព្រឹត្តិការណ៍អមនានា គឺកំពុងតែប្រញឹក ហើយកន្លង មកថ្មីៗនេះ កម្ពុជាទើបតែបានរៀបចំព្រឹត្តិការណ៍អមមួយ នៅក្នុងចំណោម ព្រឹត្តិការណ៍អម សរុបចំនួន ៦ ពោល គឺវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលបានរៀបចំឡើងដោយជោគជ័យកាលពីថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២១។ នៅមុនកិច្ចប្រជុំ កំពូលនេះ ដែលនឹងមកដល់នៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា បន្ទាប់មកគឺ កិច្ចប្រជុំកំពូលមេដឹកនាំវ័យក្មេងអាស៊ី-អឺរ៉ុប លើកទី៤ នៅថ្ងៃទី២២ ខែវិច្ឆិកា មហោស្រព វប្បធម៌អាស៊ី-អឺរ៉ុប ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ នៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា និង វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នៅថ្ងៃទី២៤ ខែវិច្ឆិកាដែរ។
ព្រឹត្តិការណ៍ទាំងនេះ មិនមែនជាព្រឹត្តិការណ៍សាមញ្ញនោះទេ វាគឺជាព្រឹត្តិការណ៍អន្តរជាតិ ដែលមុននឹងសម្រេចបានគឺបានឆ្លងកាត់ នូវការប្រជុំពិភាក្សា និងអនុម័ត រាប់សិបកិច្ចប្រជុំកន្លងមក ដូច្នេះនេះគឺជា ព្រឹត្តិការណ៍មួយ ដែលយើងទាំងអស់គ្នាគួរតែចូលរួមតាមដាន ចូលរួមសិក្សាស្វែងយល់ គួរតែចូលរួមសង្កេត ដើម្បីយើងអាចនឹងទទួលបានបទពិសោធន៍ ចំណេះដឹង បំណិន ព័ត៌មានទូទៅដែល មានតម្លៃសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម វិនិយោគទុន និងកិច្ចការជាច្រើនទៀត៕
ដោយ ហេង បញ្ញា
ប្រភព៖ AKP News
Share.

Comments are closed.