https://youtu.be/UGMnmebaQNc

អនុស្សារណៈនៃការយោគយល់ រវាង ក្រសួងបរិស្ថាន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន តំណាងដោយ ឯកឧត្ដមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព (GSSD) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តំណាងដោយ លោកបណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការចុះអានុសារណៈនៃយោគយល់គ្នានេះ គឺក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់កិច្ចសន្ទនាបញ្ញាវន្ត និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ផ្ដោតលើកិច្ចការពារ និងគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដើម្បីជាការអនុវត្តនូវកិច្ចសហប្រតិបត្តិការខាងលើ ក្រសួងបរិស្ថាន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្ដេជ្ញាក្នុងការធ្វើការរួមគ្នា ក្នុងការបម្រើដល់ផលប្រយោជន៍រួម តាមរយៈការអភិវឌ្ឍគោលនយោបាយ និងការផ្ដល់អនុសាសន៍ជាយុទ្ធសាស្រ្តនានា ក្នុងវិស័យអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ការការពារ និងការគ្រប់គ្រងបរិស្ថាន ការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ការប្រែប្រួលអាកាសធាតុ ការបំភាយកាបូនទាប និងវិស័យផ្សេងៗទៀតពាក់ព័ន្ធនឹងបរិស្ថាន។

Share.

Comments are closed.