ជាការពិតណាស់វ៉ាក់សាំងគឺជាអាវុធដ៏សំខាន់សម្រាប់ទប់ទល់ទៅនឹងវីរុសកូវីដ១៩។ មកទល់ពេលនេះគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកកំពុងតែសកម្ម និងស្វះស្វែងចាក់វ៉ាក់សាំងទៅដល់ប្រជាជនរបស់ខ្លួន ពីព្រោះថាមានតែវ៉ាក់សាំងទេ ដែលអាចជួយបង្កើនភាពស៊ាំទៅដល់រាងកាយមនុស្សគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងជំងឺកូវីដ១៩។
បន្ថែមលើនេះទៀត ក្នុងដំណាក់កាលនេះដែរប្រទេសណាដែលមានទិន្នន័យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ ប្រទេសនោះឯងនឹងឈានទៅរកភ្លើងខៀវ គឺការបើកដំណើរការប្រទេសឡើងវិញ។
ជាក់ស្តែងអ្វីដែលយើងគួរតែមានមោទនភាពមកកាន់ប្រទេសកម្ពុជាយើងនោះគឺ ប្រទេសយើងមានសម្ថភាពផ្តល់វ៉ាក់សាំងដល់ប្រជាជនច្រើនបំផុត ដែលបានជាប់លេខ ៦ នៅក្នុងតារាងទិន្នន័យនៃការចាក់វ៉ាក់សាំងលើពិភពលោក។
យោងតាមទិន្នន័យដែលចុះផ្សាយដោយគេហទំព័រ Our world in data បានបង្ហាញឲ្យឃើញថា ៤៨.៧% នៃប្រជាជនពិភពលោកបានចាក់វ៉ាក់សាំងការពារកូវីដ១៩ យ៉ាងតិចមួយដូស ក្នុងនោះដែរឃើញថា មានតែ ៧ ប្រទេសប៉ុណ្ណោះដែលមានទិន្នន័យការចាក់វ៉ាក់សាំងច្រើនជាងគេ ដែលរួមមាន ប្រទេសអារ៉ាប់រួម, ប្រទេសព័រទុយហ្គាល់, ប្រទេសគុយបា, ប្រទេសឈីលី, ប្រទេសអេស្ប៉ាញ, ព្រះរាជាណាចក្រកម្ពុជា និងប្រទេសសិង្ហបុរី៕
ប្រភព៖ CPP News