ប្រទេសកូរ៉េខាងជើង បានបដិសេធសំណើរសុំចរចារបស់សហរដ្ឋអាមេរិក
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងបានឲ្យដឹងថា លោក គីម ជុងអ៊ុន បានប្រកាសបដិសេធ សំណើសុំចរចារបស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងនៅក្នុងសន្ទរកថា ចំពោះមុខអង្គមហាសន្និបាតកំពូលប្រជាមានិតកូរ៉េថា តាំងពីរដ្ឋបាលរបស់ លោក ចូ បៃដិន បានឡើងកាន់អំណាចមក សហរដ្ឋអាមេរិកមិនបានប្រែប្រួល នៅតែមានគោលនយោបាយ ប្រឆាំងរករឿងកូរ៉េខាងជើង ។
បន្ទាប់ពីការចុះផ្សាយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលលោក ចូ បៃដិន មាននយោបាយការបរទេសច្បាស់លាស់ ដើម្បីឈានទៅភ្ជាប់ទំនាក់ទំនងការទូត ជាមួយកូរ៉េខាងជើង និងគ្មានបំណងប្រឆាំងរករឿងកូរ៉េខាងជើងទេ។
លោកបានបន្ថែមថា ភាគីអាមេរិកត្រៀមខ្លួន ជួបចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌបឋម ហើយសង្ឃឹមថាកូរ៉េខាងជើង នឹងឆ្លើយយល់ព្រម។
គួរបញ្ជាក់ថា ទោះបីជាកូរ៉េខាងជើងបានបដិសេធសំណើរសុំចរចារបស់សហរដ្ឋអាមេរិក តែកូរ៉េខាងជើងបានប្រកាស់ថា នឹងតភ្ជាប់ខ្សែទូរស័ព្ទក្រហមជាមួយកូរ៉េខាងត្បូងវិញ ដូចដែលរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានអំពាវនាវជម្រុញកាលពីដើមសប្ដាហ៍នេះ។