ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងប្រទេសក្រិក

ប្រទេសបារាំង និងក្រិកបានចុះកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានអឺរ៉ូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ទីក្រុងអាថែនដើម្បីទិញនាវាចម្បាំងបារាំងចំនួន ៣ គ្រឿង។ ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង បានស្វាគមន៍កិច្ចព្រមព្រៀងនេះថាជាការជំរុញដ៏ធំមួយសម្រាប់សេចក្តីប្រាថ្នាការពារជាតិរបស់សហភាពអឺរ៉ុប និងបានលើកឡើងអំពី ភាពស៊ីសង្វាក់គ្នានៃភាពជាដៃគូនេះដែលគ្មានគោលបំណងប្រឆាំងប្រទេសណាមួយទេ។ ផ្ទុយទៅវិញ វាអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ជិតស្និទ្ធ​ជាមួយ​គ្នា​ដើម្បី​សន្តិភាព ​កិច្ចសហប្រតិបត្តិការ និង​​ស្ថិរភាព។

ក្នុងន័យនេះការទិញនាវាចម្បាំងចំនួន ៣ គ្រឿងគឺដើម្បីពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរនិងការពារផលប្រយោជន៍រួមរបស់ពួកគេនៅមេឌីទែរ៉ាណេ។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យាសម្រាប់ការទិញនាវាចម្បាំងនេះ ត្រូវបាន​ធ្វើ​ឡើង ក្នុងរយៈពេលតិចជាងពីរសប្តាហ៍បន្ទាប់ពីអូស្រា្តលី​បាន​លុប​កុងត្រា​ទិញ​នាវា​មុជទឹកបារាំង​ចំនួន ១២គ្រឿង​ដោយ​ងាក​ទៅ​ទិញ​នាវាមុជទឹកដែលដើរដោយនុយក្លេអ៊ែរពី​អាមេរិក​វិញ។

Share.

Comments are closed.