ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងប្រទេសក្រិក
ប្រទេសបារាំង និងក្រិកបានចុះកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានអឺរ៉ូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ទីក្រុងអាថែនដើម្បីទិញនាវាចម្បាំងបារាំងចំនួន ៣ គ្រឿង។ ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង បានស្វាគមន៍កិច្ចព្រមព្រៀងនេះថាជាការជំរុញដ៏ធំមួយសម្រាប់សេចក្តីប្រាថ្នាការពារជាតិរបស់សហភាពអឺរ៉ុប និងបានលើកឡើងអំពី ភាពស៊ីសង្វាក់គ្នានៃភាពជាដៃគូនេះដែលគ្មានគោលបំណងប្រឆាំងប្រទេសណាមួយទេ។ ផ្ទុយទៅវិញ វាអនុញ្ញាតឲ្យធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព និងជិតស្និទ្ធជាមួយគ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងស្ថិរភាព។
ក្នុងន័យនេះការទិញនាវាចម្បាំងចំនួន ៣ គ្រឿងគឺដើម្បីពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរនិងការពារផលប្រយោជន៍រួមរបស់ពួកគេនៅមេឌីទែរ៉ាណេ។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យាសម្រាប់ការទិញនាវាចម្បាំងនេះ ត្រូវបានធ្វើឡើង ក្នុងរយៈពេលតិចជាងពីរសប្តាហ៍បន្ទាប់ពីអូស្រា្តលីបានលុបកុងត្រាទិញនាវាមុជទឹកបារាំងចំនួន ១២គ្រឿងដោយងាកទៅទិញនាវាមុជទឹកដែលដើរដោយនុយក្លេអ៊ែរពីអាមេរិកវិញ។