ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ នាពេលថ្មីៗនេះ បានលើកតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា ទស្សនទានជុំវិញអំពីការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលយើងមិនត្រូវមើលរំលង ព្រោះវាមានចំណែក ជាផ្នែកមួយនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសង្គមសន្តិភាព ។ នៅកម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និង បណ្ដាសាសនាដ៏ទៃទៀត នៅក្នុងនេះសាសនាព្រះពុទ្ធ គឺជាសាសនាទី១ មានជាង 93% នៃសាសនិកដែល ប្រកាន់យក ហើយសាសនាឥស្លាមជាសាសនាទី២ មានប្រមាណជាង 5% នៃសាសនិក ដែលមាន បងប្អូនខ្មែរឥស្លាមប្រកាន់យក រីឯសាសនាផ្សេងៗក៏មានតិចតូចប្រមាណជិត 2% ផងដែរ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ការប្រកាន់យកសាសនាដើម្បីប្រតិបត្តិដោយអនុវត្តនិយមកណ្ដាល មានការគាំទ្រនាំមកនូវភាពសុខដុម សុខសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ បើការប្រកាន់សាសនាដោយប្រតិបត្តិ មិននិយមកណ្តាល ដោយយកការជ្រុលនិយម ឆ្វេង ឬ ស្តាំនិយមនោះ គឺពិតប្រាកដណាស់ វានឹងកើតមាននូវអំពើរើសអើងពូជសាសន៍ ជាតិសាសន៍និងសាសនា ហើយផ្ដើមបង្កើតមកហើយនូវអំពើភ័យខ្លាច ហើយក៏នឹងអាចមាន នាំមកនូវ មនោគមន៍វិជ្ជា អវិជ្ជមានដោយសារការពង្រឹងពង្រីកនិកាយនីមួយៗ ហើយផ្តើមកើតនូវទំនាស់ ជម្លោះ ការបែកបាក់សាមគ្គីភាពជាតិ សាមគ្គីភាពភាតរភាពសហគមន៍ សាមគ្គីភាពផ្ទៃក្នុងសាសនា ដែលនឹងអាចរីករាលដាលទៅដល់ការប្រើអំពើតទល់ ទប់ទល់ទាំងឡាយដើម្បីឈានទៅរកការយកឈ្នះយកចាញ់ ឬឈានទៅដល់ធ្វើការលះបង់បូជានូវអាយុជីវិតដោយប្រើអំពើហឹង្សា ដោយផ្ទាល់ ឬ ប្រយោលឬដោយប្រើអាវុធ ដោយហ៊ានឱបគ្រឿងបំផ្ទុះ ជាគ្រាប់បែក ឬ ធ្វើការវាយប្រហារ គ្នាទៅតាមសកម្មភាព នានា ដែលនឹងធ្វើឲ្យនៅតំបន់ដែលមានកើតហេតុ ឡើងនោះ មានការភ័យខ្លាច ភ្ញៀវបរទេសខ្លាចរអា មិនហ៊ានចូលមកទស្សនកិច្ចដើរលេងកំសាន្តនៅយូរ មិនហ៊ានធ្វើការបោះទុនវិនិយោគ ដោយគេពុំមានជំនឿកក់ក្ដៅដោយពិតប្រាកដថាវានឹងមានរឿងអ្វីកើតមានខាងមុខ វាជាការធ្វើឲ្យខាតបង់ដល់សង្គមជាតិ ។
តាមរយៈបណ្តាញសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ បានគូសរំលេចថា ការដែលមើលរលង ពីភាពសុខដុមបនីយកម្មក្នុងសាសនា មើលស្រាលមិនបានផ្ដល់តម្លៃដល់អ្នកខិតខំប្រឹងប្រែងគ្រប់គ្រងសាសនា ដែលបានខិតខំណែនាំឱ្យមនុស្សម្នាឱ្យដើរតាមគន្លងធម៌សាសនាដ៏ល្អផូរផង់ត្រឹមត្រូវល្អនោះ គឺច្បាស់ណាស់ថានៅពេលណាមួយ ផ្នែកមួយនៃសុខ សន្តិភាព ក៏នឹងអាចបាត់បង់ទៅវិញពុំខានឡើយ ដូច្នេះហើយបានជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាំងតែពីសម័យកាលដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ហើយបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺតែងតែផ្តល់នូវគោលនយោបាយលើក កំពស់ឱ្យគ្រប់សាសនាទទួលបានដោយស្មើមុខ ស្មើមាត់ ដល់គ្រប់សាសនានៅកម្ពុជាទាំងអស់ ដោយរក្សាការពារបានដាច់ខាត មិនឲ្យកកើតយមាននូវអំពើរើសអើងពូជសាសន៍ និងសាសនានោះកើតឡើងបាននោះឡើយ នោះហើយដែលសម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍លើកឡើងថា « ការប្រកាន់យកសាសនា ឬ សាសនាផ្សេងៗគ្នា មិនមែនជាឧបសគ្គក្នុងរក្សាសុខសន្តិភាព និង រារាំងដល់ការអភិវឌ្ឍន៍នោះឡើយ»
សូមរួមគ្នាកុំមើលរំលង កុំមើលស្រាល កុំបណ្តែតបណ្តោយ កុំគិតថាវាជារឿងតូចតាច ។ មានបណ្ដាប្រទេសមួយចំនួនកើតមានរឿងរ៉ាវ មានអសន្តិសុខ ខ្វះសន្តិភាពដោយពេញលេញដោយសារការរីករាលដាលពីភាពរើសអើងប្រកាន់ជាតិសាសន៍ ប្រកាន់និកាយសាសនាធ្វើឲ្យបែកបាក់គ្នា សូម្បីតែសាសនាដូចគ្នា ហើយចុះបើសាសនាផ្សេងគ្នាឈានទៅទៀតនោះ គឺ វាប្រាកដណាស់ថា នឹងជួប នូវឧបសគ្គ តូច ឬធំជាក់ជាពុំខាននោះឡើយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា បើពង្រឹងសាសនាបានល្អដោយការអនុវត្តប្រតិបត្តិបានខ្ជាប់ខ្ជួនត្រឹមត្រូវល្អហើយនោះ គឺមនុស្សនឹងបានខិតខំធ្វើកុសលកសាងអំពីល្អ ធ្វើបុណ្យដាក់ទានកាន់តែច្រើនគោរពច្បាប់សាសនាបាន គឺមនុស្សនឹងគោរពខ្លោបខ្លាចពីអំពើបាបកម្មទាំងឡាយ នឹងមិនទៅ បំពានដល់អ្នកដ៏ទៃ អ្នកក្សតខ្សោយ ។ ល។ ។ និយាយដោយឡែកសាសនា ឥស្លាម ព្រះអល់ឡោះបានដាក់បញ្ញត្តិឱ្យសាងនូវអំពីល្អ និងបានហាមឃាត់ដាច់ខាត ពីការប្រព្រឹត្តិអំពីអាក្រក់ទាំងឡាយ ដូចជាការលួច ឆក់ ប្លន់ កាប់ សម្លាប់ ចាប់រំលោភ បំពាបំពានរៀងកាយផ្លូវភេទ ជក់ និង ជួញដូរគ្រឿងញៀន បន្លំបំបាត់ភ្នែកជញ្ជីង កេងប្រវ័ញ្ញនាៗ ធ្វើសាក្សីឱ្យអ្នកធ្វើខុស កឹបកេងចំណែកពីកុមារកំព្រា ញួសញុង បង្កចលាចល ប្រព្រឹត្តអំពើអយុត្តិធម៌ ការកាត់ក្ដីដោយលំអៀងអយុត្តិធម៌ កាសុីសំណូក…..។ ល។ និង ។ ល។ គឺមានតាំងពីជាង 1440 ឆ្នាំកន្លងមកហើយ។
នៅកម្ពុជាមេដឹកនាំសាសនា និង សាសនិកនៃសាសនានាៗ បាន និងកំពុងបំពេញកិច្ចការសាសនា ដើម្បីប្រតិបត្តិ ធ្វើការប្រៀនប្រដៅទូន្មាន ទៅដល់សាសនិកឲ្យគោរពអនុវត្តឱ្យបានត្រឹមត្រូវ ដោយគ្មានការរើសអើង បែងចែកវណ្ណៈ ឋានៈពណ៌សម្បុរ ដោយគោរពអនុវត្តស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា-ច្បាប់របស់ប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន